ដំណឹងល្អៈ ក្រុមហ៊ុន សហគ្រាសប្រមាណ១០,០០០បានចុះបញ្ជីរអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរយៈពេល១១ខែ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ​ក្នុង​រយៈ​ពេល១១ខែ​នៃ​ឆ្នាំ​២០២៥ ​ក្រុម​ហ៊ុន/​សហគ្រាសចំនួនជាង១០,០០០ បានទទួល​ជោគជ័យ​លើការចុះបញ្ជីរអាជីវកម្មតាមប្រព័ន្ឋអនឡាញ។

ប៉ុន្តែបើគិតចាប់តាំងពីដំណើរការសេវាកម្មនេះមក កម្ពុជាបានចុះប្ញជីរក្រុមហ៊ុនជាតិ អន្តរជាតិ សហគ្រាស​​ប្រមាណ​៥,២ម៉ឺន​បាន​​ទទួល​ជោគ​ជ័យ​ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន​​(Single Portal)។

ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម ​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ ​កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​រួម​មាន​ក្រសួង-​ស្ថាប័ន​រដ្ឋ​ចំនួន ៦ចូល​រួម គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ ក្រសួង​ពាណិជ្ជ​កម្ម, ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្រោយ​មក​រដ្ឋាភិ​បាល​ ក៏​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ ​ដំណាក់​កាល​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ និង​ដំណាក់​កាល​​ទី​៣ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​បាន​បន្ថែម​ក្រសួង​-ស្ថាប័ន​មួយ​ចំនួន​បន្ថែម​ទៀត។

យោងតាមរបាយការណ៍​វឌ្ឍនភាព នៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Single Portal របស់​ Online Business registration Service ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​៨ ខែ​ធ្នូ បង្ហាញ​ថា គិតចាប់ពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ​ក្រុមហ៊ុន/សហគ្រាស​​ ដែល​ទទួល​​ជោគជ័​យ​លើ​ការ​​ចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន​មាន​ចំនួនសរុប​៥២,៤៩៨ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​សរុប​​​៨៥,៩៦ ទ្រី​លាន​រៀល ឬស្មើនឹង​២១ពាន់​លាន​ដុល្លារ​។

Phnom Penh City, Cambodia
Phnom Penh City, Cambodia

ក្នុង​ចំណោមក្រុមហ៊ុន/សហគ្រាសទាំង៥២,៤៩៨ គឺមាន​១៩, ១០០ ឬ​ស្មើ​នឹង៣៦,៣៨% ដែល​មាន​ម្ចាស់​ជា​ស្រ្តី។

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន បាននិយាយ​ថា ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​អាជីវកម្ម​ ការ​សម្រួល​នីតិវិធី​ចុះ​បញ្ជី​ដែល​មាន​ភាព​ងាយ​ស្រួល និង​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ម្ចាស់​អាជីវកម្ម គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម ​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​ចុះ​បញ្ជី។

លោកបញ្ជាក់ថា “នៅ​ពេល​គ្រប់​អាជីវកម្ម​សុទ្ធ ​តែ​បាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​ មាន​តម្លាភាពជាង​មុន​”។

លោក​បានបន្តទៀតថា ​នៅ​ពេល​គ្រប់​អាជីវកម្ម​ទាំង​អស់ ​បាន​ចុះ​បញ្ជី វានឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ហើយ​ជា​មួយ​គ្នា​នេះ ​វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​លក់​បង្ខូច​ថ្លៃ ​ពី​សំណា​ក់​ម្ចាស់​អាជីវកម្ម​មិន​ស្រប​ច្បាប់​មួយ​ចំនួន ​ដែល​រក​ស៊ី​ដោយ​មិន​បង់​ពន្ធ​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here