ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកមាស សេងបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) នៅកោះនរា។
ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា Mr. Oliver Van Parys, អនុប្រធានជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី និងនាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
-->
ថ្លែងក្នុងអង្គពិធី លោករដ្ឋលេខាធិការបានលើកឡើងថា ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ជាក្រុមហ៊ុនមួយដែលតួនាទីយ៉ាងសំខាន់ក្នុងវិស័យថាមពល ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវត្តមាននៅលើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដោយបានបន្តអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការបង្កើតបណ្តាញស្ថានីយ៍ប្រេងទំនើប ជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា ជាពិសេសផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ ស្តង់ដាអន្តរជាតិ ដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងរំអិល ប្រេងអាកាសចរណ៍ ជាដើម។

លើសពីនេះ ក្រុមហ៊ុននេះ គឺជាដៃគូដ៏សំខាន់មួយក្នុងការគាំទ្រសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា ដែលមានប្រព័ន្ធថាមពលប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តរភាព។
លោកមាស សេងបានបន្តថា តាមរយៈសេវាកម្មដ៍សំបូរបែប និងការដាក់លក់ផលិតផលខ្មែរ នៅតាមស្ថានីយ៍ គឺជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងបានហ្នឹងឆ្លុះបញ្ចាំងពីការគាំទ្រ ការប្រើប្រាស់ផលិតផលខ្មែរ របស់ក្រុមហ៊ុនតូតាល់អេនើជី។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានស្នើដល់ក្រុមហ៊ុនតូតាល់អេនើជី ឱ្យបន្ថែមការដាក់លក់ផលិតផលខ្មែរ នៅតាមហាងនៃស្ថានីយ៍របស់ខ្លួន នៅគ្រប់ទីតាំងក្នុងប្រទេសកម្ពុជាផងដែរ៕
