តម្លៃផ្ទះនៅទីក្រុងហុងកុងអាចកើនឡើង៥ភាគរយក្នុងឆ្នាំ២០២៦ ខណៈទីផ្សារបង្ហាញសញ្ញាងើបឡើងវិញ

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគបានវាយតម្លៃថា តម្លៃផ្ទះនៅទីក្រុងហុងកុងនៃប្រទេសចិនអាចកើនឡើង៥ភាគរយក្នុងឆ្នាំ២០២៦ ដោយសារតម្រូវការរបស់អ្នកទិញមកពីចិនដីគោក ការកាត់បន្ថយអត្រាការប្រាក់ និងការថយចុះនូវចំនួនអាផាតមុិនថ្មីដែលលក់មិនដាច់។

លោក Joseph Tsang ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL នៅទីក្រុងហុងកុង បានលើកឡើងថា តម្លៃលំនៅឋានបានធ្លាក់ចុះដល់កម្រិតទាបបំផុតហើយ ហើយទស្សនវិស័យសម្រាប់ឆ្នាំ២០២៦ បង្ហាញភាពសុទិដ្ឋិនិយម។ យ៉ាងណាមិញ យើងក៏ត្រូវមានការប្រុងប្រយ័ត្នដែរ។

លោកបន្តថា យើងរំពឹងថា តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងកើនឡើងប្រហែល៥ភាគរយនៅឆ្នាំ២០២៦ ខណៈដែលតម្លៃលំនៅដ្ឋានប្រណីតនឹងបន្តស្ថិតនៅទ្រឹង។ តម្លៃជួលអាផាតមុិនប្រណីតត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់៥ភាគរយ។

និន្នាការនេះនឹងផ្តល់សន្ទុះមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅទីក្រុងហុងកុង បន្ទាប់ពីទីផ្សារបានដាំក្បាលចុះចាប់តាំងពីចុងឆ្នាំ២០២១។

ស្រដៀងគ្នានេះ ក្រុមហ៊ុន Cushman & Wakefield បានកត់សម្គាល់ថា ការកែតម្រូវពន្ធថ្មីៗ និងការងើបឡើងវិញនៃទីផ្សារភាគហ៊ុនរបស់ហុងកុង ក៏ត្រូវបានគេរំពឹងថានឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យលំនៅឋានរបស់ទីក្រុងហុងកុងមានស្ថិរភាពផងដែរ។

យោងតាមក្រុមហ៊ុន JLL បានឱ្យដឹងថា ស្តុកលំនៅឋាន(unsold inventory) បានថយចុះ ខណៈការលក់ផ្ទះនៅទីក្រុងហុងកុងបានកើនឡើងជាង២០ភាគរយគិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីផ្សារលំនៅឋានរបស់ទីក្រុងហុងកុងបានបង្ហាញពីភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីតម្លៃផ្ទះបានដាំក្បាលចុះប្រមាណ៣០ភាគរយ ធៀបនឹងកម្រិតកំពូលនៅឆ្នាំ២០២១។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវសកលនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា ទីផ្សារលំនៅឋាននៅទីក្រុងហុងកុងកំពុងបង្ហាញសញ្ញាដំបូងនៃការងើបឡើងវិញ គាំទ្រដោយការកាត់បន្ថយអត្រាការប្រាក់ ដែលបានជួយធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុមានស្ថិរភាព៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here