ក្រុមមន្រ្តីនិងក្រុមហ៊ុនជប៉ុនពិភាក្សាពីប្រើប្រាស់ល្បាយកៅស៊ូ កែច្នៃឡើងវិញលើការក្រាលផ្លូវថ្នល់

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិភា​ក្សាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញ ជាមួយតំណាងក្រុមហ៊ុនជប៉ុន IKEE Ltd. និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាបច្ចេកទេសJICAប្រចាំក្រសួង  និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍-ជំនាញបច្ចេកទេស និងការពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ របស់ក្រុមហ៊ុនជាមួយក្រសួង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញ តាមរយៈការកែច្នៃសំណល់ប្លាស្ទិក និងល្បាយកៅស៊ូចាស់។

តាមរយៈកិច្ចប្រជុំនេះ លោកជំទាវកុយ សុដានី បានវាយតម្លៃខ្ពស់លើការងារ ដែលក្រុមហ៊ុនធ្លាប់បានចូលរួមអនុវត្តន៍ ជាមួយក្រសួងកន្លងមក និងបានកោតសរសើរដល់គំនិតផ្តួតផ្តើម កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយប្រើប្រាស់ល្បាយកៅស៊ូកែច្នៃឡើងវិញនេះ។

លោកជំទាវបញ្ជាក់ថា “ការងារនេះគឺជាផ្នែកមួយយ៉ាងសំខាន់ ស្របតាមយុទ្ធសាស្រ្ត និងការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យមានភាពរឹងមាំ និងធន់នឹងការប្រែប្រួលអាកាសធាតុ”។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយថ្នាក់ដឹកនាំ -មន្រ្តីជំនាញក្រសួង ធ្វើយ៉ាងណាឱ្យការងារនេះអាចដំណើរការទៅបាន ហើយក្រសួងនឹងគាំទ្រលើសំណើរបស់ក្រុមហ៊ុន ក្នុងការបង្កើតក្របខ័ណ្ឌ នៃអនុស្សរណៈនៃការយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ដោយអាចរួមបញ្ចូលនូវការងារអាទិភាពចំនួន ៣រួមមាន (១) ការពង្រឹងសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរបស់មន្រ្តីជំនាញ (២) ការផ្គត់ផ្គង់នូវឧបករណ៍បច្ចេកទេស-គ្រឿងចក្រ និង(៣) វិធីសាស្រ្ត និងបច្ចេក​ទេសនៃការកៃច្នៃក្នុងក្របខណ្ឌនៃការងារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here