ដោយៈ ចំណាន
ព្រះសីហនុៈ នៅទីបំផុតរោងចក្រដំឡើងរថយន្តBYD របស់ប្រទេសចិន បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃក្រុងព្រះសីហនុ។
ព័ត៌មាននេះត្រូវបានលើកឡើងឲ្យដឹង ក្នុងពេលលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីចុងសប្តាហ៍មុន បានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រផ្គុំដំឡើងរថយន្ត BYD Cambodia ដែលទើបសាងសង់រួចរាល់។
-->
ក្នុងឱកាសចុះពិនិត្យនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ ផ្សព្វផ្សាយនូវភាពវិជ្ជមាន នៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈវត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។

លោកស៊ុន ចាន់ថុលបានរំពឹងថា ក្រុមហ៊ុនBYD នឹងនាំមកនូវបទពិសោធន៍វិជ្ជមាន ក្នុងការវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងបណ្តាញទំនាក់ទំនង វិនិយោគរបស់ខ្លួនបន្ថែមទៀត ហើយការចុះពិនិត្យដោយផ្ទាល់របស់នាឱកាសនេះ ក៏ជាការផ្ញើសារយ៉ាងរឹងមាំ ទៅកាន់វិនិយោគិនអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែនៅកៀកកិត និងត្រៀមខ្លួនជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យការវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ និងមាននិរន្តរភាព។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ក.អ.ក. នឹងបន្តតួនាទីជាអ្នកសម្របសម្រួលការងារ វិនិយោគដ៏ល្អ សម្រាប់រាល់គ្រប់ការវិនិយោគ ដោយផ្ទាល់ពីបរទេស (FDI) ក៏ដូចជាសម្រាប់ក្រុមហ៊ុនBYD ផ្ទាល់តាំងពីដើមរៀងមក។

លើសពីនេះ លោកបានមានប្រសាសន៍ថា ក.អ.ក. នឹងយកបទពិសោធន៍ នៃការសម្របសម្រួលជូនក្រុមហ៊ុនBYD ធ្វើជាគំរូដើម្បីពង្រឹងប្រសិទ្ធភាពសេវាវិនិយោគ សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនាពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានពិចារណា ក្នុងការផ្តល់តម្លៃបន្ថែមដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការពង្រីកផលិតកម្ម ដោយបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការបញ្ជាទិញវត្ថុធាតុដើម ឬគ្រឿងបន្លាស់មួយចំនួន ដែលផលិតរួចជាស្រេចនៅក្នុងស្រុក ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក និងកាត់បន្ថយការនាំចូល និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបន្ថែមវគ្គផលិតកម្មផ្សេងៗទៀត (Production Process) នៅក្នុងរោងចក្រនៅកម្ពុជា ឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់ បង្កើនការផ្ទេរចំនេះដឹងបច្ចេកវិទ្យា និងបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕

