ដោយៈ ម៉ាណា
កោះកុងៈ អាកាសយានដ្ឋានតារាសាគរ ក្នុងខេត្តកោះកុងនៅតែបន្តប្រតិបត្តិការជើងហោះហើរជាធម្មតា បើទោះបីស្ថានភាពតាមព្រំដែនកំពុងកើតមានជម្លោះ ដោយសារការទន្ទ្រានឈ្លានពាន ពីយោធាថៃក៏ដោយ។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានមានប្រសាសន៍ ឲ្យកាសែតក្នុងស្រុកមួយដឹងថា ទោះបីតាមបណ្តាខេត្តជាប់ព្រំដែន រងការគម្រាមកំហែងពីយោធាថៃ ដែលបើកការឈ្លានពាន ចូលកាន់កាប់ទឹកដីប្រទេសកម្ពុជា អាកាសយានដ្ឋានតារាសាគរ នៅតែទទួលជើងហោះហើរជាធម្មតា។
-->
លោកបន្តថា “បច្ចុប្បន្នក៏មានការពង្រីក ជើងហោះហើរបន្ថែម២ ជើងក្នុង១សប្តាហ៍ តាមរយៈក្រុមហ៊ុនអាកាសចរណ៍Air Cambodia។
ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បាននិងកំពុងបន្តកាលវិភាគ ហោះហើរនៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃអាទិត្យពីគោលដៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា “ការហោះហើរមិនមានការផ្អាកឡើយ គ្រាន់ភ្ញៀវមិនមានសន្ទុះច្រើន ដោយសារបារម្ភពីសុវត្ថិភាព”។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បន្តថា ក្រោយកើតមានជម្លោះតាមព្រំដែន ពលរដ្ឋហាក់មិនសូវមានអារម្មណ៍ មកលំហែកាយច្រើនដូចមុននោះទេ។
ក្រុមហ៊ុន Union Development Group (UDG) បានទទួលសិទ្ធិវិនិយោគ សាងសង់អាកាសយានដ្ឋានតារាសាគរ តម្លៃជាង ២០០លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។ អាកាសយានដ្ឋាននេះ មានផ្លូវយន្តហោះចុះប្រវែង៣២០០ម៉ែត្រ ទទឹង៤៥ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម៕
