ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំលើ ការរៀបចំបំពាក់បរិក្ខារ និងផ្លាកសញ្ញាប្រើប្រាស់សម្រាប់មនុស្សចាស់ ជនពិការ ស្ត្រីមានផ្ទៃពោះ និងកុមារនៅតាមយានជំនិះ នៅតាមដងផ្លូវធ្វើដំណើរ និងនៅតាមទីធ្លាលំហសាធារណៈ។
ផែនការនេះធ្វើឡើងក្នុងគោលដៅ ពង្រឹងសុខុមាលភាពសង្គមនៅក្នុងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមរយៈការប្រជុំក្រុមការងារ ការវាយតម្លៃលទ្ធផល និងការកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរឡើង ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំ។
-->
លោកសួន រចនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំរាយការណ៍ស្តីពី “ការអនុវត្តសកម្មភាពឆ្នាំ២០២៥ និងទិសដៅបន្ត” នៃក្រុមការងារមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ និងក្រុមការងារសកម្មភាពជនពិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលើសេចក្តីរាយការណ៍ពីការអនុវត្តផែនការសកម្មភាពមួយចំនួន ដែលបានកំណត់ដោយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ និងផែនការយុទ្ធសាស្រ្ត ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការប្រឹក្សាណែនាំផ្សេងៗរបស់មន្រ្តីបង្គោល ក្នុងទិសដៅរៀបចំផែនការសកម្មភាព នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យមានសូចនាករច្បាស់លាស់ នៅក្នុងផែនការឆ្នាំ។
ប្រធានក្រុមការងារ បានណែនាំឱ្យមន្រ្តីជំនាញ ត្រូវធ្វើការយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំ ការផ្តល់គំនិតយោបល់ពីថ្នាក់ដឹកនាំ គ្រូបង្គោល និងដៃគូរសហការ ដើម្បីរៀបចំផែនការសកម្មភាពទៅតាមឆ្នាំបន្តបន្ទាប់ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕
