ដោយៈ យីន លាងគង់
ភ្នំពេញៈ ថ្ងៃរះហើយលិច លិចហើយរៈ ជាវដ្តនៃធម្មជាតិ! ពេលវេលាបានដើរលឿនណាស់ នៅសល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពិភពលោកនឹងឆ្លងទៅកាន់ឆ្នាំថ្មី ជាមួយក្តីអំណរ និងសេចក្តីព្រួយបារម្ភ។
ក្នុងនាមស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea &Cambodiafinancialtimes.com ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ យើងខ្ញុំបាននិងកំពុងឈរជើងជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជម្រុញចលនាជាតិនិយមមួយ សម្រាប់ប្រជាជាតិនេះជាបន្ត សម្រាប់ឆ្នាំ២០២៦ ទោះបីសង្រ្គាមឈ្លានពានរបស់ថៃបានបិទបញ្ចប់ ប៉ុន្តែការព្រួយបារម្ភនៅតែមានក្នុងសន្តានចិត្តប្រជាជនកម្ពុជា ដែលលែងទុកចិត្តដល់ជាតិសាសន៍ពោរពេញដោយល្បិចកល ក្រឡិកក្រឡុច និងការភូតកុហក មិនចេះចប់មិនចេះហើយមួយនេះ។
-->
ប៉ុន្តែទោះជាយ៉ាងណា តាមរយៈការខិតខំលើសមរភូមិកាទូត និងតាមរយៈសម្ព័ន្ឋមិត្តនានារបស់សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត ការវាយប្រយុទ្ធគ្នាលើកទី២ នៃឆ្នាំ២០២៥បានបញ្ចប់ ដែលវាជាភាពកក់ក្តៅបណ្តោះអាសន្នមួយក្នុងចិត្តរបស់ប្រជាពលរដ្ឋ ប៉ុន្តែជនភៀសសឹករាប់សែននាក់ កំពុងស្នាក់នៅក្នុងជំរុំតង់ និងវីរយុទ្ធជននៅតែបន្តស្មារតី ត្រៀមប្រយុទ្ធជានិច្ច។
ក្នុងនាមជាស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea &Cambodiafinancialtimes.com នៅតែសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលបាននិងកំពុងរិះរកគ្រប់វិធីសាស្រ្ត ដើម្បីកសាងកម្ពុជា និងនាំកម្ពុជាឆ្ពោះទៅមុខជាមួយនឹងវិបុលភាព សម្រាប់អនាគតដ៏ត្រចះត្រចង់មួយ។
ឈរជើងក្នុងសមរភូមិព័ត៌មាន រយៈពេល១០ឆ្នាំមកនេះគេហទំព័រPropertyarea.asia ដែលផ្តល់ព័ត៌មានឈានមុខគេលើវិស័យអចលនទ្រព្យ និសេដ្ឋកិច្ច នៅតែរក្សាបាននូវឥទ្ធិពលរបស់ខ្លួន ដោយសារការខិតខំរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ និងការគាំទ្រពីដៃគូពាណិជ្ជកម្មទាំងឡាយ។
គេហទំព័រទាំងពីរនេះ នឹងបន្តឈរជើងយ៉ាងរឹងមាំបន្តទៀត ដើម្បីបំរើនូវមូលដ្ឋានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងការបំពេញកាតព្វកិច្ចមួយ ជាស្ថាប័នព័ត៌មានមួយ ដែលឈរលើគុណតម្លៃរបស់ខ្លួន “មិនបំភ្លៃ មិនបំភ្លើស និងបំពុលព័ត៌មានជាដាច់ខាត”។
ជាថ្មីម្តងទៀត យើងខ្ញុំសូមលំឱនកាយគោរពជូនពរ ថ្នាក់ដឹកនាំជាតិទាំងអស់ ដៃគូពាណិជ្ជកម្មនានា និងប្រជាពលរដ្ឋកម្ពុជាទាំងប្រុស ទាំងស្រី បានជួបនូវសេចក្តីចម្រុងចម្រើនរ៉ុងរឿង និងសម្រេចបានជោគជ័យក្នុងអាជីព និងអាជីវកម្មនានាតាមសេចក្តីប៉ងប្រាថ្នា៕