ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាយ៉ាងផុសផុលលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឆ្លើយតបទៅនឹងសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។ វិស័យជាអាទិភាព ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖
-->
(១) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាមួយនឹងការបង្កើនការនាំចេញ -នាំចូលកសិផល និងការចែករំលែកបច្ចេកទេសដាំដុះ។
២)ឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការទាក់ទាញវិនិយោគិនប្រេស៊ីលដែលមានបទពិសោធន៍ខ្ពស់ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ និង
(៣) ឧស្សាហកម្មគ្រឿងអគ្គិសនី និងអេឡិចត្រូនិក តាមរយៈការស្វែងរកឱកាសកសាងខ្សែច្រវាក់ផលិតកម្មរវាងតំបន់ទាំងពីរ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានជជែកអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសប្រេស៊ីលផងដែរ។
បេសកកម្មនេះ រំពឹងថានឹងក្លាយជាវេទិកាគោះទ្វារ វិនិយោគមួយដ៏សំខាន់ សម្រាប់ផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមច្បាប់ស្តីពីវិនិយោគថ្មី ការផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងធុរជន និងវិនិយោគិនរវាងប្រទេសទាំងពីរ និងការបង្ហាញពីតួនាទីរបស់កម្ពុជា ជាច្រកទ្វារដ៏សំខាន់សម្រាប់ទីផ្សារអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
