ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន Leechiu Property Consultants បានឱ្យដឹងថា ទីក្រុងម៉ានីល ដែលជាទីផ្សារលំនៅឋានធំជាងគេរបស់ប្រទេសហ្វីលីពីន ឈានចូលដល់ឆ្នាំ២០២៦ ជាមួយនឹងស្តុកផ្ទះ និងអាផាតមុិនសរុបចំនួន៨០.៣០០យូនីត(unsold) ដែលអាចចំណាយពេល៤២ខែដើម្បីលក់ចេញ។
លោក Roy Golez នាយកផ្នែកស្រាវជ្រាវ ប្រឹក្សាយោបល់ និងវាយតម្លៃនៅក្រុមហ៊ុន Leechiu បានលើកឡើងថា តម្រូវការលំនៅឋាននៅទីក្រុងម៉ានីលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៦ឆ្នាំ។
លោក Golez បានបន្តថា ការលុបចោលដោយអ្នកទិញ ដែលមិនអាចបង់ប្រាក់រំលស់ប្រចាំខែបាន រួមជាមួយនឹងការហាមឃាត់លើប្រតិបត្តិករល្បែងស៊ីសងបរទេស (POGOs) មិនឱ្យធ្វើអាជីវកម្មនៅហ្វីលីពីន បានរួមចំណែកដល់ការផ្គត់ផ្គង់លំនៅឋានលើសតម្រូវការបច្ចុប្បន្ន។
ការហាមឃាត់នេះបាននាំឱ្យជនជាតិចិន និងជនបរទេសជាច្រើនចាកចេញពីប្រទេសហ្វីលីពីន ដោយបន្សល់ទុកឱ្យអាផាតមុិនជាច្រើនយូនីតនៅទំនេរចោល។ បច្ចុប្បន្ន អាផាតមុិនទាំងនេះកំពុងត្រូវបានដាក់លក់ក្នុងការបញ្ចុះតម្លៃ ដែលនាំឱ្យមានការប្រកួតប្រជែងខ្លាំងចំពោះគម្រោងលំនៅឋាន ដែលទើបអភិវឌ្ឍថ្មីៗ។

តំបន់ Makati មានស្តុកលំនៅឋានតិចបំផុតចំនួន២.១៤០យូនីត តាមពីក្រោយដោយតំបន់ Bonifacio Global City និងតំបន់ Taguig ដែលមានស្តុកលំនៅឋានសរុបចំនួន៣.៦៩០យូនីត។
ដោយឡែក តំបន់ Quezon City មានស្តុកយូនីតលំនៅឋានដែលមិនទាន់លក់ចេញច្រើនបំផុតចំនួន១៩.៤០០យូនីត តាមពីក្រោយដោយតំបន់ Ortigas តំបន់ Mandaluyong តំបន់ Pasig និងតំបន់ San Juan មានស្តុកលំនៅឋានចំនួន១៤.២០០យូនីត៕ប្រភព: Bilyonaryo៕







