ដោយៈ ចំណាន
សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោកអ៊ឹង គឹមលាង បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងអាងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងអាជ្ញាធរជាតិអប្សរា ទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងរដ្ឋបាលក្រុង ស្រុកទាំង១៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក នាយខណ្ឌរដ្ឋបាលជលផលសៀមរាប មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងលោក លោកស្រីមន្ត្រីពាក់ព័ន្ធ សរុបអ្នកចូលរួមប្រមាណ៨០នាក់។
-->
លោកអ៊ឹង គឹមលាង កិច្ចប្រជុំនាពេលនេះ យើងនឹងបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលើការស្រង់ទិន្នន័យអាងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ទាំងអស់នៅតាមបណ្តាក្រុង ស្រុក ដើម្បីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ខេត្តសៀមរាប បូកសរុប និងចងក្រងជាទិន្នន័យ ងាយស្រួលលើការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។

ម្យ៉ាងទៀតក៏ពិនិត្យលើការស្នើសុំជីកស្តារអាង ប្រឡាយ អូរសាធារណៈ នៅតាមបណ្តាក្រុង ស្រុក។
លោក អភិបាលងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឬសហគមន៍មូលដ្ឋាន ដែលមានបំណងជីកស្តារអាងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹកសាធារណៈក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ត្រូវគិតគូរពីកត្តាដូចជា ទី១ ស្តារដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យកសិកម្ម ទី២ ស្តារដើម្បីស្តុកទឹកសម្រាប់អភិរក្សពូជត្រី។
ទី៣ ស្តារដើម្បីស្តុកទឹក សម្រាប់បង្កើតតំបន់អេកូទេសចរណ៍ ទី៤ ស្តារដើម្បីស្តុកទឹកសម្រាប់កាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងទី៥ ទប់ស្កាត់ការទន្ទ្រានកាន់កាប់ ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ជនមួយចំនួនជាដើម៕
