ដោយៈ ម៉ាលីនណា
កំពង់ស្ពឺៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុយ សាន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៤១ និងធ្វើការប្រគល់-ទទួលបញ្ចប់សុពលភាព ក្រោយពីបានដាក់ដំណើរការ១ឆ្នាំ។
ការចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក PMU PIU ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអានផងដែរ។
-->
បេសកកម្មនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវ និងសំណង់សិល្បការក្រោមការថែរទាំ រយ:ពេល១ឆ្នាំ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ -ខេត្តកណ្តាល រហូតដល់ចំណុច ប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត ដោយពិនិត្យលើផ្ទៃ និងភាពរឹងម៊ាំតួផ្លូវ ស្ពាន លូរំដោះទឹក និងបរិក្ខារសុវត្ថិភាពចរាចរណ៍ ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៤១ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ។

គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់១កន្លែង ប្រវែងប្រមាណ២០០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង៨ ២៤១ម៉ែត្រ។
ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត កំពង់ផែក្រុងព្រះសីហនុ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដែលកំពុងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ៕
