គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ទំហំ២០ហិកតាសម្រេចបានវឌ្ឍនភាពប្រសើរ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ កំពុ​ងដំណើរការទៅមុខយ៉ាងរលូន ជាមួយនឹងការពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការងារនេះបាននិងកំពុងគ្រប់គ្រង ដោយក្រុមការងារការដ្ឋាន និងអាជ្ញាធរខេត្តកណ្តាលបានរួមគ្នា ឱ្យលេចចេញលទ្ធផលដោយអន្លើរៗ និងសម្រេចវឌ្ឍនភាព ជារួមប្រមាណ១៥,៥០%ហើយ គិតត្រឹមដំណា​ច់ខែធ្នូ ឆ្នាំ២០២៥។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥ គ.ម បណ្តាញលូទឹកភ្លៀងប្រវែងសរុប៥,៣គ.ម ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន០៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន១០,០០០តំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ១២,០០០ម៣/ថ្ងៃ ស្ថាបនាលើផ្ទៃដីទំហំ២០ហិកតា មានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ថែមលើទំហំការងារ គម្រោងបានទទួលគោលការណ៍ សម្រាប់ការសិក្សាបច្ចេកទេសគំនូសប្លង់លម្អិត លើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀង។

គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៣៦ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here