(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រសួងសាធារណការ ជាក្រសួងជំនាញ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលបានខិតខំរិះរកវិធីសាស្រ្តធ្វើយ៉ាងណាឱ្យការងារគ្រប់គ្រងយានជំនិះ ធានាបានភាពរឹងមាំ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅកម្ពុជា ជាពិសេសទប់ស្កាត់អំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗក្នុងចេតនាទុច្ចរឹត។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងទៀតថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានធ្វើទំនើបកម្មទាំងប្រព័ន្ធចុះបញ្ជី ក៏ដូចជាការចេញបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ ដោយមានបំពាក់ QR Code បន្ថែមទៀតដើម្បីកាត់បន្ថយការក្លែងបន្លំ និងងាយស្រួលដល់ការផ្ទៀងផ្ទាត់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចអនុវត្តច្បាប់។
ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើននៃបច្ចេកវិទ្យា ជនខិលខូចតែងរិះរកវិធីសាស្រ្តក្លែងបន្លំ ដែលបច្ចុប្បន្ននេះយើងសង្កេតឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះក្រសួងបានដាក់ចេញនូវវិធានការសុវត្ថិភាពបន្ថែមទៀតដោយបានធ្វើទំនើបកម្មបណ្ណសម្គាល់ប្រភេទថ្មីនេះ ដោយមានបង្កប់លក្ខណៈពិសេសសម្ងាត់ក្នុងបណ្ណងាយស្រួលក្នុងការពិនិត្យភាពត្រឹមត្រូវ និងមានការបែងចែកពណ៌បណ្ណរវាងទោចក្រយានយន្ត និងរថយន្តផងដែរ។







