ដោយៈ ចំណាន
រតនគិរីៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់ បានចុះចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុដល់សហគុំមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី។
យោងតាមផកេករបស់ក្រសួង ដែលភ្ជាប់ជាមួយរូបថតលោកសាយ សំអាល់ និងជនជាតិភាគតិចបានលើកឡើងថា សូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។
-->
ការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើម ភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់ប័ណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិល លើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងក៏ដូចជាបញ្ចប់មន្ទិលភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។

ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ផងដែរ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តាំផ្ញើរបងប្អូនទាំងអស់ សូមថែរក្សានិងប្រើប្រាស់ប័ណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយទៅមុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និងរៀបចំភូមិឋានរបស់យើងឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកំសាន្ត លើកស្ទួយជីវភាពពលរដ្ឋ នៅភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនទៅមុខ។
ពិធីចែកប័ណ្ណសមូហភាពចំនួន២៦២ប័ណ្ណ ជូនសហគមន៍ ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ចំនួន៥ភូមិរួមមាន ភូមិខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ នៃឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី៕

