តើកត្តាអ្វីខ្លះនាំឱ្យទីផ្សារអចលនទ្រព្យម៉ាឡេស៊ីបន្តទាក់ទាញអ្នកទិញផ្ទះជាជនបរទេស ទោះជាមានការដំឡើងពន្ធប្រថាប់ត្រា?

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីនៅតែមានភាពទាក់ទាញចំពោះអ្នកទិញផ្ទះជាជនបរទេស ទោះបីជាមានការដំឡើងពន្ធប្រថាប់ត្រាពី៤%ទៅ៨% យ៉ាងណាក្តី។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Henry Butcher Real Estate។

ភាពទាក់ទាញនេះ​ ដោយសារ​​តម្លៃ​អចលនទ្រព្យ​នៅម៉ាឡេសុី​នៅ​តែ​មាន​តម្លៃ​ថោក​ជាង​បើ​ធៀប​នឹង​ទីផ្សារ​ក្នុង​តំបន់​ដូចជា​ កោះហុងកុង និង​ទីក្រុងសិង្ហបុរី។ ជាមួយគ្នានេះ ​​ប្រទេសម៉ាឡេស៊ី​ក៏​ផ្តល់​ការ​ការពារ​ផ្នែក​ច្បាប់​សម្រាប់​អ្នកទិញ​ផ្ទះ​ផង​ដែរ។

យោងតាមការដកស្រង់ទិន្នន័យពីក្រុមហ៊ុន Global Property Guide តម្លៃអាផាតមុិន និងផ្ទះល្វែងជាមធ្យមនៅម៉ាឡេស៊ីមានទំហំទឹកប្រាក់ចំនួន២.៤៨៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តួលេខនេះមានកម្រិតទាបជាងយ៉ាងខ្លាំងធៀបទៅនឹងតម្លៃ២១.៣១០ដុល្លារនៅទីក្រុងហុងកុង និងតម្លៃ១៩.៣០០ដុល្លារអាមេរិកនៅសិង្ហបុរី។

តម្លៃអាផាតមុិន និងផ្ទះល្វែងជាមធ្យមនៅម៉ាឡេស៊ីក៏មានតម្លៃថោកជាងនៅប្រទេសហ្វីលីពីនផងដែរ ដែលមានតម្លៃ៣.៤៤៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យ៉ាងណាមិញ តួលេខនេះមានកម្រិតខ្ពស់ជាងនៅប្រទេសឥណ្ឌូនេស៊ីបន្តិច ដែលមានតម្លៃ២.២២៦ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅប្រទេសវៀតណាម ដែលមានតម្លៃ២.៣៨៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការដំឡើងពន្ធប្រថាប់ត្រានឹងជះផលប៉ះពាល់តិចតួចលើប្រតិបត្តិការអចលនទ្រព្យជារួម។ នេះជាលក្ខណៈពិសេស ដែលអាចជះផលប៉ះពាល់ជាចម្បងដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំដាប់ខ្ពស់ ដែលផ្តោតលើអ្នកទិញបរទេស ជាពិសេសនៅទីក្រុងគូឡាឡាំពួរ ទីក្រុង Penang និងរដ្ឋ Johor។

លោក Tang Chee Meng ប្រធានផ្នែកប្រតិបត្តិនៅក្រុមហ៊ុន Henry Butcher បានលើកឡើងថា ទោះបីជារូបិយបណ្ណរីងហ្គីតក្នុងស្រុកងើបឡើងថ្លៃយ៉ាងណាក្តី លោកនៅតែមានសុទិដ្ឋិនិយមលើទីផ្សារអចលនទ្រព្យរបស់ម៉ាឡេសុី។

ជាក់ស្តែង សិទ្ធិរបស់អ្នកទិញផ្ទះនៅម៉ាឡេសុីត្រូវបានការពារក្រោមកិច្ចព្រមព្រៀងលក់-ទិញប្រកបដោយស្តង់ដារ ហើយជនបរទេសត្រូវបានអនុញ្ញាតឱ្យមានកម្មសិទ្ធិលើអចលនទ្រព្យ។

លោក​បាន​បន្តថា ការណ៍នេះ​មានភាពខុសផ្ទុយ​ពី​ទីផ្សារ​អចលនទ្រព្យនៅប្រទេសវៀតណាម និង​ឥណ្ឌូនេស៊ី ដែល​ជាធម្មតា ជន​បរទេស​ទទួលបាន​តែ​សិទ្ធិ​ប្រើប្រាស់​ជាជាង​កម្មសិទ្ធិ​ពេញលេញលើអចលនទ្រព្យ។

លោក Tang បាន​បន្ថែមថា នៅ​ប្រទេស​ម៉ាឡេស៊ី ជនបរទេស​អាច​មាន​កម្មសិទ្ធិ​លើ​អចលនទ្រព្យ ដោយ​ត្រូវ​គោរព​តាម​កម្រិត​តម្លៃ​អប្បបរមា និង​ការ​រឹតត្បិត​ប្រភេទ​អចលនទ្រព្យ។

ការណ៍នេះ​បង្កបរិយាកាសងាយស្រួល​សម្រាប់​បណ្តាអ្នកវិនិយោគ​បរទេស​ក្នុង​ការ​ឈានជើងចូលទីផ្សារ ជាពិសេស​នៅពេល​ដែល​តម្លៃ​អចលនទ្រព្យក្នុងប្រទេសម៉ាឡេសុីមានតម្លៃថោក​ជាងប្រទេសផ្សេងទៀត៕ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here