តម្លៃខុនដូនៅទីក្រុងតូក្យូរបស់ជប៉ុនរំពឹងបន្តកើនឡើងនៅឆ្នាំ២០២៦នេះ ស្របពេលមានអតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូថ្មីៗនៅទីក្រុងតូក្យូនៃប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងនៅតែមានកម្រិតខ្ពស់កប់ពពកនៅឆ្នាំ២០២៦នេះ ខណៈភាពរឹងមាំនៃតម្រូវការ និងការធ្លាក់ចុះនៃការផ្គត់ផ្គង់នឹងជំរុញសន្ទុះទីផ្សារ។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ (Real Estate Economic Institute) ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានលើកឡើងថា ចំណាប់អារម្មណ៍របស់អ្នកទិញនឹងនៅតែមានកម្រិតខ្ពស់។

ទោះជាយ៉ាងណា ការផ្គត់ផ្គង់ខុនដូថ្មីនៅក្នុងសង្កាត់ទាំង២៣ នៃទីក្រុងតូក្យូត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹមប្រហែល៨.០០០យូនីតនៅឆ្នាំនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំ។

កាលពីឆ្នាំមុន បណ្តាអ្នកអភិវឌ្ឍន៍បានបើកដំណើរការអគារខុនដូខ្ពស់ៗប្រណីតជាច្រើននៅជិតស្ថានីយ៍រថភ្លើងនានានៅទីក្រុងតូក្យូ។ កំណើននៃថ្លៃដើមសំណង់ និងកម្លាំងពលកម្មបានដាក់បន្ទុកលើអ្នកអភិវឌ្ឍន៍ និងធ្វើឱ្យតម្លៃខុនដូកើនឡើង។

កត្តាទាំងនោះបានជួយជំរុញឱ្យតម្លៃខុនដូហក់ឡើងជិត២០ភាគរយក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ទាំងមូល។ តម្លៃខុនដូជាមធ្យមមានទំហំទឹកប្រាក់លើសពី១៣៣លានយ៉េន ឬជាង៨៥០.០០០ដុល្លារក្នុងមួយយូនីត។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគជាច្រើនរំពឹងថាតម្លៃខុនដូនៅទីក្រុងតូក្យូនឹងនៅតែបន្តកើនឡើងនៅឆ្នាំ២០២៦។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK World។

លោក Takahashi Masayuki អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Tokyo Kantei វាយតម្លៃថា ថ្លៃដើមអាចនឹងបន្តកើនឡើង ដែលបង្ខំឱ្យបណ្តាអ្នកអភិវឌ្ឍន៍ដំឡើងថ្លៃខុនដូ ហើយអ្នកលក់ខុនដូថ្មីនឹងបន្តកំណត់គោលដៅលើអ្នកទិញ ដែលមានលទ្ធភាពទិញខុនដូក្នុងតម្លៃខ្ពស់ៗ៕ប្រភព: NHK World៕

LEAVE A REPLY

Please enter your comment!
Please enter your name here