ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យនៅទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុីត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សាររបស់ម្ចាស់អគារ (landlord) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈការផ្គត់ផ្គង់ការិយាល័យកម្រិត A នៅមានកំណត់ និងកំណើននៃតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់។
លោកស្រី Quiny Lee ប្រធានផ្នែកប្រឹក្សាយោបល់លើការជួលការិយាល័យនៅក្រុមហ៊ុន JLL Malaysia បានលើកឡើងថា សម្ពាធតម្រូវការកំពុងកើនឡើងនៅក្នុងទីក្រុងគូឡាឡាំពួរ និងតំបន់ជាយក្រុង ដែលអាចផ្លាស់ប្តូរទីផ្សារទៅជាទីផ្សាររបស់ម្ចាស់អគារក្នុងរយៈពេលមធ្យម។
តម្រូវការជួលការិយាល័យបានកើនឡើងដល់ចំនួន៤៣០.០០០ហ្វីតការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។ អត្រាការិយាល័យទំនេរមានភាពប្រសើរឡើងនៅគ្រប់តំបន់ទាំងអស់ ដោយស្ថិតក្នុងរង្វង់១៨,៦ភាគរយនៅទីក្រុងគូឡាឡាំពួរ និង៦,៧ភាគរយនៅតំបន់ជាយក្រុងគូឡាឡាំពួរ។
-->
ចាប់ពីឆ្នាំ២០២៧ តទៅ ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថា នឹងមានការថយចុះ ដោយមានអគារការិយាល័យកម្រិត A តិចតួចណាស់ដែលអាចបើកដំណើរការរវាងឆ្នាំ២០២៧ និងឆ្នាំ២០២៨។

គេសង្កេតឃើញមានអគារការិយាល័យកម្រិត A ថ្មីតែមួយប៉ុណ្ណោះ ឈ្មោះ The Capitol at Bandar Utama ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ហើយគ្មានអគារកម្រិត A ណាមួយគ្រោងបើកសម្ពោធនៅឆ្នាំ២០២៨ នោះឡើយ។
លោកស្រី Lee បានបន្ថែមថា បណ្តាអ្នកអភិវឌ្ឍន៍នៅតែមានការប្រុងប្រយ័ត្ន ដោយសារផលចំណេញពីការជួលការិយាល័យមិនសូវមានភាពទាក់ទាញ ហើយកិច្ចសន្យាជួលការិយាល័យនៅម៉ាឡេសុីជាធម្មតាមានរយៈពេលប្រហែល៣ឆ្នាំប៉ុណ្ណោះ។
ការថយចុះនៃការផ្គត់ផ្គង់ការិយាល័យកម្រិត A ត្រូវបានគេរំពឹងថា នឹងពង្រឹងអំណាចនៃការចរចារបស់ម្ចាស់អគារ ដែលនាំឱ្យតម្លៃជួលការិយាល័យកើនឡើងកាន់តែខ្លាំង និងការលើកទឹកចិត្តតិចជាងមុន៕ប្រភព: The Edge of Malaysia៕
