តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលសំខាន់ៗចំនួន២ ក្នុងទីក្រុងម៉ានីលរបស់ហ្វីលីពីន រំពឹងកើនឡើងនៅឆ្នាំនេះ

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មសំខាន់ៗរបស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីននឹងកើនឡើងនៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការពីបណ្តាក្រុមហ៊ុនពហុជាតិសាសន៍ និងក្រុមហ៊ុន Business process outsourcing។

លោក Mikko Barranda នាយកផ្នែកជួលអចលនទ្រព្យពាណិជ្ជកម្មនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Leechiu Property Consultants បានលើកឡើងថា តម្លៃជួលការិយាល័យនឹងប្រែប្រួលទៅតាមទីតាំង។

តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មសំខាន់ៗ ដូចជា តំបន់ Bonifacio Global City (BGC) អាចនឹងមានការកើនឡើង ខណៈដែលតម្រូវការបន្តកើនឡើងលើសពីការផ្គត់ផ្គង់។

គិតត្រឹមចុងឆ្នាំ២០២៥ តំបន់ BGC មានអត្រាការិយាល័យទំនេរទាបជាងគេបំផុតក្នុងរង្វង់៩ភាគរយ ដោយផ្អែកលើរបាយការណ៍ទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី៤ របស់ក្រុមហ៊ុន Leechiu។

តំបន់ពាណិជ្ជកម្មផ្សេងទៀតមានអត្រាការិយាល័យទំនេរខ្ពស់ជាងនេះ រួមមានតំបន់ Makati ចំនួន១៥ភាគរយ តំបន់ Ortigas និងតំបន់ Mandaluyong ចំនួន១៨ភាគរយ តំបន់ Quezon ចំនួន១៩ភាគរយ តំបន់ Taguig ចំនួន២១% តំបន់ Alabang ចំនួន២៣% និងតំបន់ Bay Area ចំនួន២៨%។

ទិន្នន័យពីក្រុមហ៊ុន Leechiu បានបង្ហាញថាគិតត្រឹមចុងឆ្នាំ២០២៥ តំបន់ BGC នៅតែជាទីផ្សារការិយាល័យថ្លៃបំផុត ដោយមានតម្លៃជួលចំនួន១.១៦៧ប៉េសូ ក្នុងមួយម៉ែត្រការ៉េ តាមពីក្រោយដោយតំបន់ Makati ដែលមានតម្លៃជួលចំនួន៨៩១ប៉េសូក្នុងមួយម៉ែត្រការ៉េ។

លោក Barranda បានលើកឡើងថា ការថយចុះនៃការផ្គត់ផ្គង់ការិយាល័យថ្មី និងការងាកទៅរកការិយាល័យដែលមានគុណភាពខ្ពស់នឹងធ្វើឱ្យតម្លៃជួលកើនឡើង។ តំបន់ពាណិជ្ជកម្មកណ្តាលសំខាន់ៗដូចជា តំបន់ Makati និងតំបន់ BGC ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីនិន្នាការទាំងនេះ៕ប្រភព: BusinessWorld៕

LEAVE A REPLY

Please enter your comment!
Please enter your name here