(ភ្នំពេញ)៖ ដើម្បី «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា», ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់អាស៊ាន បន្តគាំទ្រដំណោះស្រាយព្រំដែនកម្ពុជា និងថៃ តាមយន្តការដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំ ពីការវិវត្តថ្មីៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងសកម្មភាពតាមដាននានាដើម្បីអនុវត្តសេចក្តីប្រកាស រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្កើតឱ្យមានបទឈប់បាញ់ជាលើកទីពីរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ សម្រាប់ការសម្របសម្រួលបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។
-->
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋសមាជិកអាស៊ាននានា សម្រាប់ការគាំទ្រឥតងាករេចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការរួមចំណែកបញ្ជូនកងកម្លាំងមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបសហការីអាស៊ានថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ ក៏បានបង្កើតការរៀបចំ និងកិច្ចព្រមព្រៀងនានា ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង និងជំហានជាក់ស្តែងឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធីស្របតាមច្បាប់និងសន្ធិសញ្ញាអន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ភាគីទាំងពីរបានឯកភាពគ្នាថា រាល់ការរៀបចំទាំងអស់ក្រោមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ គឺមិនប៉ះពាល់ដល់ការបោះបង្គោលខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ប្រទេសទាំងពីរ បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់ ដ៏ចាំបាច់នៃការពង្រឹងបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែន តាមរយៈទំនាក់ទំនងបើកចំហនិងដោយផ្ទាល់ ការជឿទុកចិត្តគ្នាទៅវិញទៅមក វិធានការកសាងទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមនានា។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ច ប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅនេះ ជាពិសេសទាក់ទងនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។
សកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាព និងស្តារសន្តិភាពឡើងវិញ។ នៅខណៈពេលនៃកិច្ចប្រជុំនេះ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅតែមិនអាចត្រឡប់ទៅលំនៅ ដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដែលនេះជាការព្រមព្រៀងមួយ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តនៅក្នុងសេចក្តីប្រកាសរួមជាមួយគ្នា ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាច ចូលបានដោយមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើ ឬបំផ្លាញ។
ជាលទ្ធផល ពួកគេបន្តរស់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ និងស្មោះត្រង់ក្នុងការរក្សា និងអនុវត្តបទឈប់បាញ់ និងសេចក្តីប្រកាសរួមទាំងស្រុង ដោយសង្ឃឹមយ៉ាងមុតមាំថា វានឹងមិនត្រឹមតែបញ្ចប់អរិភាព និងស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ និងប្រក្រតីភាពតាមព្រំដែនប៉ុណ្ណោះទេ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាជនទាំងពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហការីអាស៊ាន បន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំង នឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ដើម្បីឱ្យសន្តិភាពនិងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា «ប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរម្តងហើយម្តង ទៀតចំពោះអភិបាលកិច្ចសកលនិងច្បាប់អន្តរជាតិ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងរវាងរដ្ឋកំពុងកើនឡើង ដែលបណ្តាលឱ្យហានិភ័យនៃការកើនឡើងនូវផ្នត់គំនិតដែលថា «អ្នកខ្លាំង គឺត្រឹមត្រូវ» អាចក្លាយជារឿងធម្មតា។
ក្នុងនាមជាតំបន់មួយដែលឱ្យតម្លៃខ្ពស់ដល់សន្តិភាពដែលទទួល បានយ៉ាងលំបាក និងចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយ អាស៊ានពុំគួរដើរតាមមាគ៌ានេះទេ។ ការណ៍នេះគឺពាក់ព័ន្ធនឹងសហគមន៍របស់យើង គ្រួសាររបស់យើង និងអនាគតរបស់យើង៕

