ដោយៈ ចំណាន
ភ្នំពេញៈ ជាមួយទំនុកចិត្តបណ្តើរៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមអភិវឌ្ឍន៍លំនៅដ្ឋាន បុរី និងដីឡូត៍របស់ពួកគេនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ។
គំរោងអភិវឌ្ឍន៍ដីឡូត៍មួយបានចាប់ផ្តើមលក់កាលពីថ្ងៃទី១ កុម្ភៈ ម្សិលម៉ិញនេះ ដែលមានទីតាំងនៅភូមិគងនយ ជិតក្រវ៉ាត់ក្រុងទី៣ ក្នុងខេត្តកណ្តាល។
អ្នកអភិវឌ្ឍន៍គំរោងនេះ លោកឧកញ៉ានួន រិទ្ធីអគ្គនាយកក្រុមហ៊ុនKFA នៅតែមានសុទិដ្ឋិនិយមក្នុងទីផ្សារ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ច និងមូលដ្ឋានកំណើននៃតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្រុមហ៊ុនមួយដែលដឹកនាំដោយលោកបណ្ឌិតតេង រិទ្ធីត្រៀមបង្ហាញគំរោងធំមួយ ដែលមានផ្ទៃដីទំហំ៣០ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងទឹកដីខេត្តកណ្តាលផងដែរ។
គំរោងនោះ នឹងអភិវឌ្ឍន៍ជាដីធំៗជាមួយទំហំ២០ គុណនឹង៣០ម៉ែត្រ ជាមួយតម្លៃសមរម្យ មានទីតាំងខាងត្បូងរង្វង់មូលតាខ្មៅប្រហែល៤គីឡូម៉ែត្រ និងស្ថិតនៅលើផ្លូវកៅស៊ូ និងជាប់ក្រវ៉ាត់ក្រុងទី៣។
ជាមួយគ្នានេះ គំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនOCIC ក៏បាននិងកំពុងត្រៀមពង្រីកការអភិវឌ្ឍន៍បុរីកាន់តែសកម្ម ជាមួយនឹងគំរោងChina Town នៅជិតព្រលានយន្តហោះអន្តរជាតិតេជោផងដែរ។
លើសពីនេះ ក៏មានអ្នកអភិវឌ្ឍន៍ថ្មីៗជាច្រើន ត្រៀមចាប់ផ្តើមគំរោងរបស់ពួកគេ នៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ប៉ុន្តែពួកគេមិនអនុញ្ញាត្តឲ្យបង្ហាញឈ្មោះគំរោងពួកគេនៅឡើយ៕








