ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា បណ្តាក្រុមហ៊ុនចិនកំពុងវិនិយោគកាន់តែច្រើនលើអចលនទ្រព្យឧស្សាហកម្ម និងពាណិជ្ជកម្មនៅបរទេស ជាពិសេសគម្រោងផលិតថាមពលថ្មី មជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់បម្រើដល់ពាណិជ្ជកម្មអេឡិចត្រូនិក និងគម្រោងទីក្រុងឆ្លាតវៃ។
ការវិនិយោគលើលំនៅឋានកំពុងធ្លាក់ចុះ ខណៈទីផ្សារអចលនទ្រព្យឧស្សាហកម្ម ភស្តុភារកម្ម និងពាណិជ្ជកម្មកំពុងក្លាយជាចំណុចផ្តោតសំខាន់របស់អ្នកវិនិយោគចិន។ ក្រុមហ៊ុន Knight Frank បានព្យាករថា ការវិនិយោគនៅក្រៅប្រទេសរបស់ចិននៅក្នុងវិស័យទាំងនេះនឹងកើនឡើង១៥ភាគរយនៅឆ្នាំ២០២៦។
លោកស្រី Virginia Huang នាយិកាគ្រប់គ្រងប្រចាំតំបន់ភាគខាងជើង និងខាងកើតនៃប្រទេសចិននៅក្រុមហ៊ុន Knight Frank បានលើកឡើងថា ការវិនិយោគនៅក្រៅប្រទេសរបស់សហគ្រាសចិនកំពុងងាកទៅរកនិន្នាការថ្មី ដោយងាកចេញពីការវិនិយោគលំនៅឋាន ហើយឆ្ពោះទៅរកអចលនទ្រព្យផ្នែកឧស្សាហកម្ម និងភស្តុភារកម្ម ដែលជំរុញដោយបច្ចេកវិទ្យា។
-->
គោលដៅសំខាន់ៗរួមមាន ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យទីក្រុងឆ្លាតវៃនៅតំបន់មជ្ឈិមបូព៌ា ដូចជា គម្រោងទីក្រុងអនាគតនៅប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងអាប៊ុយដាប៊ីនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។

ជាក់ស្តែង ក្រុមហ៊ុនរដ្ឋចិន China State Construction Engineering Corp ដែលចុះបញ្ជីនៅទីក្រុងសៀងហៃ កំពុងសាងសង់ផ្លូវរូងភ្នំសម្រាប់គម្រោងទីក្រុងអនាគត The Line នៅអារ៉ាប៊ីសាអូឌីត ដែលមានប្រវែង១៧០គីឡូម៉ែត្រ (106 ម៉ាយ) និងទទឹង២០០ម៉ែត្រ។ គម្រោងនេះមានតម្លៃ៧,៨៦ពាន់លានយ័ន(១,១៣ពាន់លានដុល្លារអាមេរិក)។
ក្រុមហ៊ុនផលិតកញ្ចក់ CHG Holding ដែលបានចុះបញ្ជីនៅទីក្រុង Shenzhen កំពុងសាងសង់រោងចក្រឆ្លាតវៃនៅក្រៅប្រទេសដំបូងរបស់ខ្លួននៅទីក្រុងអាប៊ុយដាប៊ី ដែលនឹងផលិតកញ្ចក់សន្សំសំចៃថាមពល និងវត្ថុធាតុដើមទំនើបៗសម្រាប់បម្រើដល់ទីផ្សារពិភពលោក រួមទាំង តំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និងសហរដ្ឋអាមេរិក។
រោងចក្រខាងលើត្រូវបានសាងសង់ក្រោមទុនវិនិយោគចំនួន៣០០លាន dirhams (ប្រមាណ៨១,៤លានដុល្លារអាមេរិក) និងត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦នេះ៕ប្រភព: SCMP៕
