កម្ពុជា និងភាគីជប៉ុនបង្ហាញរបាយការណ៍បឋមលើការកែលំអរនិងធ្វើឲ្យប្រសើរឡើងផ្លូវដែកនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកជំទាវកុយ សុដានី បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍បឋម នៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធ នឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា។

កិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីប្រជុំពិភាក្សា និងពិនិត្យលើរបាយការណ៍បឋម នៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) តំណាងក្រុមហ៊ុន Nippon Koei, JR West, JR-Freight, KRC, KYOSAN និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញដែលពាក់ព័ន្ធ លើរបាយការណ៍បឋមនៃការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែម ធ្វើយ៉ាងណាធានាឱ្យបានថា “កិច្ចការនេះ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចេញរបាយការណ៍ផ្លូវការចុងក្រោយ”។

បន្ថែមពីលើនេះ លោកជំទាវ និងលោកសហប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ ដល់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញមកពី JICA ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះ សម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារ ទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវ ទទួលបានជោគជ័យ សំដៅលើកកម្ពស់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែក នៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here