សម្ដេចធិបតីសុំការយោគយល់ដែលរដ្ឋាភិបាលមិនអាចបង្ហាញវិធីសាសត្រដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ

0

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានសុំការយោគយល់ដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល ​មិន​អាច​បង្ហាញពីវិធីសាស្ត្រ ដោះស្រាយបញ្ហាជម្លោះទឹកដី ជាមួយថៃ តែរាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងដោះស្រាយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ខ្ញុំជឿថា មានទស្សនៈខុសគ្នា វិធីសាស្ដ្រខុសគ្នា ការយល់ឃើញខុសគ្នា […] ប៉ុន្ដែអ្វីដែលខ្ញុំចង់បញ្ជាក់ គឺរាជរដ្ឋាភិបាលនៅបន្ដ នឹងខិតខំដោះស្រាយការងារនេះ ទោះបីជាពេលខ្លះ យើងមិនបានផ្សព្វផ្សាយ ចឹងខ្ញុំសូមការយោគយល់»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១០នាទី ប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។ តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះ ធ្វើឱ្យយើងដួលនោះទេ។ ត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដី ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាល់វិធីសាស្ត្រទាំងឡាយ ដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើស យកវិធីសាស្ត្រនោះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងថ្លែងអំណរគុណ ដល់ទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា ជួយដល់ជាតិក្នុងពេលមានសង្គ្រាមឈ្លានពាន បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីដ៏ខ្លាំងក្លា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here