សម្តេចបវរធិបតី៖ យើងមិនអាចឲ្យការឈឺចាប់ព្រោះជម្លោះទឹកដីជាមួយថៃ ធ្វើឱ្យយើងដួលនោះឡើយ តែយើងត្រូវប្រែក្លាយការឈឺចាប់ទៅជាភាពរឹងមាំ

0

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនសារនយោបាយដល់ជនរួមជាតិថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះធ្វើឱ្យយើងដួលនោះទេ។ យើងត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សម្តេចបវធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រួមគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ពិតណាស់យើងឈឺ យើងអាចថាយើងរបួសខ្លះ ប៉ុន្តែ មិនអាចឱ្យការឈឺ ឬរបួសផ្លូវកាយ ផ្លូវចិត្តនេះធ្វើឱ្យយើងដួលនោះទេ យើងត្រូវរឹងមាំឡើង កាន់តែលំបាក កាន់តែឈឺ កាន់តែរឹងមាំឡើង ដើម្បីពង្រឹងជាតិខ្មែររបស់យើងទៅខាងមុខ ព្រោះអត់មានអ្នកណាពង្រឹងជាតិយើងទេ»។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលឈឺចាប់នេះ យើងត្រូវធ្វើការងារពង្រឹងសមត្ថភាព ជាក់ស្តែងក្មួយៗដែលប្រលងជាប់និទ្ទេស A ព្រមទាំងក្មួយៗដែលមិនបាននិទ្ទេស A ក៏ដូចគ្នា។ មិនថាថ្នាក់ណានោះទេ ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិយើងទាំងអស់គ្នា។ ខ្មែរត្រូវខ្លាំងដោយសារជនជាតិខ្មែរត្រូវខ្លាំង សម្រាប់ប្រព័ន្ធអប់រំ នៅកម្ពុជា គឺក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំពង្រឹងសមត្ថភាព លោកគ្រូ អ្នកគ្រូ ដើម្បីជំរុញការអប់រំឱ្យកាន់តែប្រសើរនៅគ្រប់វិស័យទាំងអស់។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបន្តថា សម្តេចយល់ពីអារម្មណ៍របស់មន្ត្រីនៅតាមក្រសួង ស្ថាប័ន​ ពីព្រោះជាអារម្មណ៍ធម្មជាតិរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលដែលប្រទេសជាតិ ប្រឈមនឹងសង្គ្រាម។ ពិសេសនៅពេលឃើញ ស្ថានភាពប្រែប្រួលនៅតាមព្រំដែន អាចមានអារម្មណ៍ថាបាក់ទឹកចិត្ត តែចំពោះបញ្ហានេះគឺមិនអាចនៅអញ្ចឹងនោះ​ទេ ពិតណាស់ចំពោះបែបនេះមាន ប៉ុន្តែ យើងត្រូវដើរទៅមុខ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវរស់រវើក ត្រូវរួមគ្នាពពង្រឹងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញារមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ កសាងសមត្ថភាពរបស់យើងកាត់បន្ថយភាពអសកម្ម ឬមួយការងារចន្លោះប្រហោងណាមួយដើម្បីរួមគ្នាកសាង ប្រទេសជាតិរបស់យើង។ ដូច្នេះ នៅគ្រប់វិស័យទាំងអស់ ត្រូវដើរទៅមុខ កាន់តែលំបាក កាន់តែភ័យ កាន់តែប្រឹង ដើម្បីកសាងប្រទេជាតិយើងឱ្យកាន់តែរីកចម្រើន។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាល គឺការខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ នៅលើបញ្ហាព្រំដែន គឺជាគោលការណ៍ដែលរាជរដ្ឋាភិបាល បានខិតខំដាក់ទិសដៅ ពីព្រោះមានតែវិធីសាស្ត្រដោះស្រាយបញ្ហាលើគោលការណ៍តែប៉ុណ្ណោះ ទើបអាចធានាបាននូវប្រសិទ្ធភាពដែលអាយូរអង្វែង។ លទ្ធផលអាចយឺត អាចលំបាកខ្លះ ប៉ុន្តែ យើងត្រូវប្រឈមដោះស្រាយទាំងអស់គ្នាហើយរកវិធីមួយ ដើម្បីដោះស្រាយបញ្ចប់ និងមិនឱ្យវាកើតឡើងវិញនៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខក្សាន្តរបស់យើង កន្លែងដែលពីមុនជាសមរភូមិប្រយុទ្ធ ក្រោយមកប្រែក្លាយជាការអភិវឌ្ឍ ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង ប៉ុន្តែ ជាអកុសល ក្នុងរយៈពេលខ្លីនេះ វាបានក្លាយទៅជាដែនសមរភូមិឡើងវិញ យើងសង្គមថា វានឹងបញ្ចប់ ប្រែក្លាយអភិវឌ្ឍន៍ រស់រវើកឡើងវិញ។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យើងនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់ ដោយផ្នែកលើច្បាប់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើងទៅតាមលទ្ធភាព និងបច្ចេកទេស ដូចនឹងជំហរដែលខ្ញុំបានបញ្ជាក់ការពីមុន សូមបងប្អូនឈឺទុកចិត្ត និងយោគយល់ ដូចអ្វីដែលបងប្អូនចង់បាននោះទេ»

LEAVE A REPLY

Please enter your comment!
Please enter your name here