ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងលើគោលការណ៍២ចំណុច គឺទឹកដី និងប្រជាជននៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល និងមិនទទួលស្គាល់ការកែប្រែបន្ទាត់ព្រំដែនរបស់ថៃ ជាឯកតោភាគី។
សម្តេចបានសរសេលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួននាព្រឹកថ្ងៃទី១០ កុម្ភៈនេះថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាត លើការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។
-->
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦។
បន្ថែមពីនេះ កម្ពុជាប្រកាន់ខ្ជាប់ នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្ដការ គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន។
ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល”។
សម្តេចបន្តថា គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ជាមួយនេះ ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន ទាំងបរិមាណ និងគុណភាព ព្រោះអនាគតរបស់ប្រទេសជាតិ គឺភ្ជាប់ជាមួយអនាគតរបស់យុវជន។
ដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” និង ការបង្កើនបរិមាណសិស្សជាប់និទ្ទេសA សម្តេចបានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចូលរួមអនុវត្តបន្ត រួមមាន៖ ទី១. ត្រូវបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និង រៀបចំឱ្យមានការគាំទ្រ ចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា ទាំងក្នុងការរស់នៅ និង ការរៀនសូត្រ។
ទី២. ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។
ទី៣. ត្រូវរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗ សិស្សានុសិស្សដទៃទៀត។ ទី៤. ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និង ធានាប្រសិទ្ធភាព និង ទី៥. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្ម នូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា៕