ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh”បាននិងកំពុងពង្រីកកិច្ចសហងប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់

0

ដោយៈ ម៉ាណា

ឌូបៃៈ មន្រ្តីជំនាញបានលើកឡើងថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាលVerify.gov.kh”​កម្ពុជា បច្ចុប្បន្នបានពង្រីកវិសា​លភាពកិច្ចសហប្រតិបត្តិការ ទៅកាន់បណ្តាប្រទេសក្នុងតំបន់ រួមមាន ប្រទេសហ្វីលីពីន ឡាវ និងទីម័រខាងកើតផងដែរ”។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកសេង សុភាព ក្នុងឱកាសចូលរួមវេទិកាកំពូលរដ្ឋាភិបាលពិភពលោក (World Governments Summit) នៅទីក្រុងឌូបៃ ដើម្បីបង្ហាញយុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលកម្ពុជា។

លោកសេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី “បញ្ញាសិប្បនិម្មិតសម្រាប់រដ្ឋាភិបាលអនាគត” (AI for Future Governments) ដែលជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (World Governments Summit) ឆ្នាំ២០២៦ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម។

ក្នុងកិច្ចពិភាក្សានេះ លោកសេង សុភាព បានចែករំលែកអំពី “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (AI)” របស់កម្ពុជា ដែលផ្តោតសំខាន់លើការកសាងមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់បរិវត្តកម្មឌីជីថល។

លោកបានគូសបញ្ជាក់ពីសសរទ្រូង យុទ្ធសាស្ត្រចំនួន៣ សំខាន់ៗដែលមានចែងក្នុងគោលនយោបាយនេះ រួមមាន៖ ១. ការអភិវឌ្ឍធនធានមនុស្ស៖ ការបណ្តុះបណ្តាលជំនាញAI និងវិទ្យាសាស្ត្រទិន្នន័​យ និងការធ្វើសមាហរណកម្មAI ទៅក្នុងកម្មវិធីសិក្សា។

២. ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យ៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យជាតិ ការបង្កើតថ្នាលទិន្នន័យបើកចំហ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍។ ៣. ការជំរុញការប្រើប្រាស់AI ក្នុងរដ្ឋាភិបាល៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាAI ក្នុងសេវាសាធារណៈ ប្រកបដោយក្រមសីលធម៌ និងអភិបាលកិច្ចល្អ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។៤. ការជំរុញការប្រើប្រាស់AI តាមវិស័យអាទិភាព៖ ការដាក់បញ្ចូលបច្ចេកវិទ្យាAI ទៅក្នុងវិស័យសំខាន់ៗដូចជា អប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម (MSMEs) ដើម្បីបង្កើនផលិតភាព និងដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គម។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីវឌ្ឍនភាពជាក់ស្តែង នៃការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈជោគជ័យនៃការដាក់ឱ្យប្រើប្រាស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh”។

លោកបញ្ជាក់ថា “ថ្នាលនេះមិនត្រឹមតែជាស្តង់ដារជាតិ សម្រាប់ការលុបបំបាត់ ឯកសារក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នបានពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ទៅកាន់បណ្តាប្រទេសក្នុងតំបន់ រួមមាន ប្រទេសហ្វីលីពីន ឡាវ និងទីម័រខាងកើតផងដែរ”។

លោកបានអញ្ជើញតំណាងប្រទេសផ្សេងទៀត ឱ្យពិនិត្យលទ្ធភាពក្នុងការសហការតភ្ជាប់ ឬប្រើប្រាស់បច្ចេកវិទ្យានៃថ្នាល Verify.gov.kh ដើម្បីជំរុញការផ្លាស់ប្តូរទិន្នន័យឆ្លងដែន និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈនៅក្នុងតំបន់ និងសកលលោក។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បន្តប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ឱ្យទៅជាប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here