ដោយៈ ម៉ាណា
ភ្នំពេញៈ អូស្ត្រាលីវិនិយោគលើយុវជនជំនាន់ក្រោយ របស់កម្ពុជា ដែលនឹងក្លាយខ្លួនជាថ្នាក់ដឹកនាំនាពេលអនាគត តាមរយៈអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia។
អាហារូបករណ៍អូស្ត្រាលី មិនត្រឹមតែផ្តល់ឱកាសទទួលបានសញ្ញាបត្រអប់រំទេ វាជួយអភិវឌ្ឍជំនាញ បង្កើនបណ្តាញវិជ្ជាជីវៈ និងជំរុញការកសាងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី។
-->
កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូត យីប បានប្រកាសបើកដំណើរការកម្មវិធី អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០២៧ ក្នុងសន្និសីទពិសេសមួយ សម្រាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោកសោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីតួនាទីសំខាន់ របស់អាហារូបករណ៍ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅសំខាន់ៗ ដូចជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច បរិវត្តកម្មឌីជីថល បរិវត្តកម្មឧស្សាហកម្ម និងការបន្ថែមតម្លៃ។
លោកក៏បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់របស់អូស្ត្រាលីលើសមធម៌ និងយុត្តិធម៌ ក្នុងដំណើរការជ្រើសរើសបេក្ខជនផងដែរ។
អាហារូបករណ៍អូស្ត្រាលី បើកទទួលបេក្ខជនមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា រួមមាន វិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំ និងស្រាវជ្រាវ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យឯកជន៕
