ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ ក្នុងនោះក្រុមហ៊ុនជាតិ៤ និងអន្តរជាតិ៣២ និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៧ប្រទេស និង៤៦ទីក្រុង។
លោកស៊ីន ចាន់សិរីវុត្ថាអនុរដ្ឋលខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ក្នុងចំណោម១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់៨ ប្រទេសក្នុងតំបន់អាស៊ាន (លើកលែង ប្រទេស ព្រុយណេ និងទីម័រខាងកើត) រីឯប្រទេសក្រៅតំបន់អាស៊ានរួមមាន ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងតួកគី។

លោកបានឱ្យដឹងដែរថា គិតត្រឹមពាក់កណ្តាល ខែកុម្ភៈ ឆ្នាំនេះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ – សៀមរាបអង្គរ- ព្រះសីហនុ) ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ជាមធ្យមចំនួន១,៤៦៨ ជើងក្នុងមួយសប្តាហ៍ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន៩៩៤ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរមានចំនួន៣៩៦ ជើងក្នុងមួយសប្តាហ៍(ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុមានចំនួន៧៤ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស)៕
ចំណែកអាកាសយានដ្ឋានតារាសាគរ ដែលទើបបើកដំណើរការទទួលបានជើងហោះហើរ៤ជើង ក្នុងមួយសប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក៕







