ទីផ្សារលំនៅឋានប្រភេទទី២ នៅបណ្តាទីក្រុងធំៗរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានប្រភេទទី២ (pre-owned home) នៅបណ្តាទីក្រុងធំៗរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ប៉ុន្តែ ក្រុមអ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នចំពោះទស្សនវិស័យរបស់ទីផ្សារអចលនទ្រព្យជារួម។

លំនៅឋានចំនួន១៥.០៨២យូនីតនៅទីក្រុងប៉េកាំង ត្រូវបានលក់ចេញនៅខែមករា ឆ្នាំ២០២៦។ ការលក់ផ្ទះនៅទីក្រុងសៀងហៃបានកើនឡើង២៦,៦៩ភាគរយដល់២០.៣០០យូនីតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Gao Yuan នាយកវិទ្យាស្ថានស្រាវជ្រាវ Beijing Lianjia ត្រូវបានដកស្រង់សម្តីដោយកាសែត Economic Daily ថា នៅខែមករា ឆ្នាំនេះ ការលក់ផ្ទះប្រភេទទី២ នៅទីក្រុងប៉េកាំងបានកើនឡើង១៥ភាគរយធៀបនឹងខែធ្នូ ឆ្នាំ២០២៥ ដែលជាសញ្ញាបង្ហាញថា ទីផ្សារកំពុងងើបឡើងវិញ។

ជាមួយគ្នានេះ ការលក់ផ្ទះប្រភេទទី២ នៅទីក្រុងក្វាងចូវ (Guangzhou) បានកើនឡើង១,០៧ភាគរយដល់៨.៨៨១យូនីត ខណៈការលក់ផ្ទះប្រភេទទី២នៅទីក្រុងសុិនជិនបានកើនឡើង២,៩ភាគរយដល់៦.៨០២យូនីត ធៀបនឹងខែធ្នូ ឆ្នាំមុន។

ក្រុមអ្នកជំនាញជឿជាក់ថា តម្រូវការកំពុងងើបឡើងវិញ ខណៈអ្នកទិញផ្ទះមានទំនុកចិត្តឡើងវិញ។ ទោះជាយ៉ាងណា ទីផ្សារនៅតែត្រូវការកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដូចជាការកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងការជំរុញបន្ថែមនូវទំនុកចិត្តរបស់អ្នកទិញ។

ជារួម និន្នាការទីផ្សារកំពុងប្រែប្រួលពីការលក់ផ្ទះថ្មីទៅជាការលក់ផ្ទះប្រភេទទី២ ដែលគ្របដណ្តប់ចំណែក៦៥ភាគរយ នៃប្រតិបត្តិការលក់លំនៅឋាននៅក្នុងទីក្រុងធំៗ៕ប្រភព: China Daily៕

LEAVE A REPLY

Please enter your comment!
Please enter your name here