គណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា និងឡាវ ចុះពិនិត្យ ពិភាក្សា និងស្វែងយល់ពីលទ្ធភាពទីតាំងផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអត្តពើ (ឡាវ)

0

ខេត្តអត្តពើ ប្រទេសឡាវ៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញពីភាគីមិត្តឡាវ គណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋបាលខេត្តរតនគិរី តំណាងរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងមន្រ្តីជំនាញ បានចុះពិនិត្យ ពិភាក្សា និងស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត និងសក្ដានុពលនៃទីតាំងសមស្រប ក្នុងតំបន់ណាមួយ នៃខេត្តទាំងពីរ (រតនគិរី-អត្តពើ) ដើម្បីអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) នាពេលឆាប់ៗខាងមុខ។

ដំណើរបំពេញបេសកកម្មនាពេលនេះ គឺធ្វើឡើងស្របតាមលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ មកកាន់កម្ពុជា នាឆ្នាំ២០២៤ និងស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរដែលចង់ឃើញមានការតភ្ជាប់បន្ថែមរវាងខេត្តទាំងពីរ (រតនគិរី-អត្តពើ) ដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឆ្ពោះទៅរកការកសាងនូវព្រំដែននៃប្រទេសជិតខាងប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here