វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថាបន្តមានកំណើនយឺតក្នុងឆ្នាំ ២០២៦ នេះ ប៉ុន្តែការកើនឡើងសកម្មភាពលក់ផ្ទះលំនៅដ្ឋាននៅតែរួមចំណែកគាំទ្រវិស័យអចលនទ្រព្យ ជាពិសេស ការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យក្នុងទីផ្សារនៅក្នុងរាជធានីភ្នំពេញ ខណៈដែលថ្លៃអចលនទ្រព្យមានការថមថយ។
ទន្ទឹមនេះ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានលើកឡើងជាសំនួរថា តើវិស័យអចលនវត្ថុពិតជាជាប់គាំងទាំងស្រុងមែនទេ?
អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន បានរៀបរាប់ថា បងប្អូនស្ទើរតែគ្រប់ៗគ្នា ទាំងអ្នកវិនិយោគជាជនជាតិខ្មែរ ទាំងវិនិយោគជាជនជាតិបរទេសដែលកំពុងរកស៊ី ឬវិនិយោគ និងអភិវឌ្ឍអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលមិនប្រឡូកក្នុងវិស័យនេះ តែងនិយាយជាអួររួមថា «វិស័យអចលនវត្ថុនៅកម្ពុជាកំពុងជាប់គាំង»។
-->
អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបញ្ជាក់ដូច្នេះថា ៖ «ក្នុងនាមខ្ញុំជាអ្នកប្រឡូកផ្ទាល់ ឬវិនិយោគផ្ទាល់ក្នុងវិស័យនេះ ជាច្រើនឆ្នាំ និងជាអ្នកប្រឡូកជារៀងរាល់ថ្ងៃ ខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនយើងឱ្យជ្រាបច្បាស់នៅក្នុងវិស័យនេះដូចខាងក្រោម ៖
1. លំនៅដ្ឋានផ្ទះ ឬខុនដូ តម្លៃសមរម្យ ($17,000 -$49,000) ក្នុងទីក្រុងភ្នំពេញ កំពុងមានតម្រូវការខ្ពស់សម្រាប់ប្រជាជនកម្ពុជា។
2. វីឡាប្រណិតសម្រាប់រស់នៅផ្ទាល់ខ្លួនក្នុងទីក្រុងភ្នំពេញ នៅតែមានតម្រូវការសម្រាប់ មន្រ្តីរាជការកំរិតខ្ពស់ អ្នកជំនួញធំៗ ជាលក្ខណៈភ្លៀងរលឹម (មួយៗ) តែមិនមែនជាតម្រូវការខ្ពស់ដូចមុនឆ្នាំ២០១៩ ដែលនាំគ្នាទិញទុកចំណេញនោះទេ។
3. ដីធ្លីក្នុងទីក្រុងភ្នំពេញ ទីតាំងល្អៗ លើផ្លូវធំ រូបរាងដីល្អៗ ហើយលក់ក្នុងតម្លៃ ពី 30% ទៅ 50% ក្រោមតម្លៃទីផ្សារមុនឆ្នាំ2019 នៅតែមានតម្រូវការ ឬនៅតែមានអ្នកទិញ តែជាតម្រូវការភ្លៀងរលឹម (មួយៗ) និង Slow ដោយសារអ្នកទិញមានជំរើសច្រើន និងមានអំណាចក្នុងការចចារ។
4. ដីធ្លីសម្រាប់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ជាពិសេសខេត្តជាប់ទីក្រុងភ្នំពេញ មានតម្រូវការជាហូរហែរ តែតម្លៃដែលត្រូវការគឺមិនលើពី $10/m2 និងប្រភេទដីទំហំធំ ដែលអ្នកទិញទិញសម្រាប់ការពង្រីកបន្ថែមរោងចក្រនោពេលអនាគត។ ទោះជាយ៉ាងណាតម្រូវការនេះ មានមួយៗ និងប្រើពេលយូរ (slow) ក្នុងការបង្កើតប្រតិបត្តិការទិញលក់។
5. តម្រូវការដីកសិកម្ម ដីកសិ-ឧស្សាហកម្ម មានតម្រូវការទិញតិចតួច នោះដោយសារ តែអ្នកវិនោយោគដីធ្លីធំៗបានចាប់ដៃគូវិនិយោគក្រៅប្រទេស និងបានបង្វែរដីដែលធ្លាប់ទិញទុកចោល ទៅជាដីកសិកម្ម ដីកសិ-ឧស្សាហកម្មវិញ ហើយតម្រូវការដីកសិកម្ម ឬដីកសិ-ឧស្សាហកម្មនេះជាប្រភេទដីធំៗ និងត្រូវតែជាដីដែលមានតម្លៃធូរថ្លៃ មិនលើសពី $3/m2 នោះទេ។
6. ខុនដូក្នុងទីតាំងពិសេស ដូចជាក្នុងតំបន់បឹងកេងកង1 ដូនពេញ -ល- ជាប្រភេទខុនដូមានតម្លៃខ្ពស់បែប Premium នៅតែមានអ្នកទិញមួយៗ តែមិនច្រើននោះដែរ ហើយតម្រូវការនេះមានកំណត់។
7. គ្រប់គម្រោងអភិវឌ្ឍន៍ត្រូវតែជាគម្រោងដែលមានការគាំទ្រពីធនាគារដល់អ្នកទិញក្នុងអត្រាការប្រាក់សមរម្យ និងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងរបស់ខ្លួន ដែលអាចនាំឱ្យមានទំនុកចិត្តសម្រាប់អ្នកទិញ ទើបជាជំរើសសម្រាប់អ្នកទិញ»៕
អត្ថបទ៖ ប៊ី, ប្រភព៖ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន
