ដោយ: សហសេវិក
អន្តរជាតិ: គម្រោងរមណីយដ្ឋានទេសចរណ៍ដ៏ធំមួយ គឺ ការបង្កើតព្រះច័ន្ទសិប្បនិម្មិតនៅលើផែនដីកំពុងខិតជិតក្លាយជឆការពិត ដោយអ្នកអភិវឌ្ឍន៍បានបង្ហាញពីផែនការសាងសង់គម្រោងនេះនៅប្រទេសចំនួន៩ ដែលអាចទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។
គម្រោងនេះមានឈ្មោះថា Moon ជារមណីយដ្ឋានធំមួយ ដែលមានសមត្ថភាពទទួលភ្ញៀវទេសចរប្រមាណ១០លាននាក់ជារៀងរាល់ឆ្នាំ។ គម្រោងនេះមានរាងដូចស្វ៊ែរ ដែលមានកម្ពស់ជាង៣០០ម៉ែត្រ។
គម្រោងខាងលើជាផលិតផលទេសចរណ៍សកល ដែលរួមបញ្ចូលគ្នានូវបដិសណ្ឋារកិច្ច ការអភិវឌ្ឍលំនៅឋាន ការកម្សាន្ត និងការអប់រំ ដែលស្ថិតនៅក្នុងផែនការមេរួមបញ្ចូលគ្នាតែមួយ។
បណ្តាអ្នកអភិវឌ្ឍន៍បានកំណត់យកប្រទេសចំនួន៩ ដែលអាចសាងសង់គម្រោងនេះ រួមមានប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ចិន ប្រេស៊ីល ប៉ូឡូញ អេស្ប៉ាញ ឥណ្ឌា អូស្ត្រាលី អេហ្ស៊ីប និងសហរដ្ឋអាមេរិក។

ការអភិវឌ្ឍគម្រោងនីមួយៗនឹងត្រូវបានគ្រប់គ្រងទាំងស្រុងដោយដៃគូក្នុងតំបន់ ខណៈដែលក្រុមហ៊ុន Moon World Resorts នឹងផ្តល់ជំនាញផ្នែករចនា និងអាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា។
ទោះបីជាគម្រោងនេះមានទំហំធំយ៉ាងណាក្តី ការផ្តល់មូលនិធិមិនត្រូវបានគេរំពឹងថា នឹងក្លាយជាឧបសគ្គធំដុំនោះទេ ពីព្រោះប្រភពហិរញ្ញវត្ថុពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគឯកជន។
គម្រោងសាងសង់ព្រះចន្ទសិប្បនិម្មិតត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយទុនវិនិយោគប្រហែល៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលតម្លៃដីធ្លីនៅឡើយ៕ប្រភព: Gulf News៕







