ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ ដើម្បីអនុវត្តន៍តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ចក្ខុវិស័យទាំងនោះរួមមាន៖ ១)ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដែលក្នុងនោះក្រសួងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល។

ព័ត៌មាននេះត្រូវបានលើកឡើងដោយ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភាកាលពីថ្ងៃទី១៩ កុម្ភៈកន្លងមកនេះ។
លោករដ្ឋមន្រ្តីបានបន្តថា បន្ថែមពីនេះ ដើម្បីគាំទ្រដល់ចក្ខុវិស័យ ដែលបានដាក់ចេញ ក្រសួង ក៏មានយន្តការគន្លឹះសំដៅពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ក្នុងការលើកកម្ពស់គុណភាពការងារប្រកប ដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព រួមមានៈ ១)ការងារកំណែទម្រង់អភិបាលកិច្ចផ្ទៃក្នុង និងលើកកម្ពស់សមត្ថភាព ២) ការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣)ការងាររៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងបទដ្ឋានបច្ចេកទេស និង ៤)ការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្រសួងក៏មានទិសដៅអនុវត្តបន្ត ដោយគោរពទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕









