ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជា និងជប៉ុនបានពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុនរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគី ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាព ការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការវិនិយោគបៃតង និងការបញ្ចេញកាបូនទាប។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបរិស្ថាន ត្រូវបានចុះហត្ថលេខារវាងលោកបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Hirotaka Ishihara រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន និងបានផ្តោតលើ៖

ទី១ ការពង្រីកយន្តការឥណទានរួម (JCM) និងគម្រោងជីវម៉ាស់ (Biomass)។ ទី២ ការពង្រឹងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអាស៊ាន។
ទី៣ ការគាំទ្រផែនការបន្ស៊ាំជាតិរបស់កម្ពុជា រួមទាំងប្រព័ន្ធប្រកាសអាសន្នជាមុន។ ទី៤ ការកែលម្អការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ។ ទី៥ ការលើកកម្ពស់ការប្រើប្រាស់ថង់ជីវម៉ាស់ ដែលអាចរលាយបាន និងទី៦ ការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងឧទ្យានជាតិ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រតិភូកម្ពុជា បានទៅទស្សនារោងចក្រផលិតឡ ដុតកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិក ដែលដំណើរការដោយមិនបញ្ចេញផ្សែង។ កម្ពុជាបានពិនិត្យ និងបានបញ្ជាទិញដើម្បីយកមកប្រើប្រាស់ គោលដៅធានាឱ្យបានថា នៅតាមបណ្តាស្រុកនីមួយៗ នឹងមានឡដុតសំណល់មួយនាពេលអនាគត។
កម្ពុជាក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ខ្លួន រួមទាំងគោលដៅជាតិ ក្នុងការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៥៥% ត្រឹមឆ្នាំ២០៣៥ ក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម និងសំណល់ផងដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាកំពុងជំរុញយុទ្ធនាការអាទិភាព ដែលធានាការកាត់បន្ថយសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។
លើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការផ្តោតលើសសរស្តម្ភ នឹងមាននូវឧបករណ៍ ត្រួតពិនិត្យគុណភាពខ្យល់ទំនើប ដែលផ្ដល់ភាពងាយស្រួល ក្នុងការតាមដានគុណភាពខ្យល់ និងបានដឹងថានៅក្នុងខ្យល់មានសារធាតុពុល សារធាតុវិទ្យុសកម្ម សារធាតុគីមីអ្វីខ្លះនៅក្នុងខ្យល់៕







