ដោយៈ បណ្ឌិតគិន ភា
ភ្នំពេញៈ បទសម្ភាសន៍ផ្ទាល់របស់សម្តេចធិបតី Samdech Thipadei Hun Manet, Prime Minister of Cambodia ជាមួយសារព័ត៌មានអន្តរជាតិពីរ គឺReuters និងFox News ប្រៀបដូចជាភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង។
លោកបណ្ឌិតគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ការលើកឡើងខាងលើ ក្រោមហេតុផលពីរយ៉ាង ទី១ថ្នាក់ដឹកនាំកំពូលរបស់យើង រហូតដល់ថ្នាក់រដ្ឋមន្ត្រីចៅក្រសួង និងប្រធានស្ថាប័ននានា កម្រផ្ដល់បទសម្ភាសន៍ផ្ទាល់ ដល់អ្នកសារព័ត៌មានណាស់។
ម្យ៉ាងទៀត ស្រុកយើងក៏គ្មានការិយាល័យ ឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអន្តរជាតិធំៗ ប្រចាំនៅស្រុកយើងដែរ ម្ល៉ោះហើយមានរឿងរ៉ាវជាច្រើន សារព័ត៌មានអន្តរជាតិនានា គេយោងប្រភពតែពីភាគីបច្ចាមិត្តយើង។ ដូច្នេះ ការពិតជាច្រើនត្រូវបានបិទបាំង វេចខ្ចប់ ឬកែច្នៃ ក្នុងគោលបំណងសម្អុយ ឬលាបពណ៌យើង ប្រាសចាកពីសច្ចភាព។
ទី២. ភ្លៀងកក់ខែមួយមេនៅកណ្ដាលរដូវប្រាំង មិនអាចធ្វើឱ្យដីសើមជោកជាំបានទេ គ្រាន់តែបានជ្រាបឬសើមតិចតួច ព្រោះដីរបស់យើងហួតហែងយូរមកហើយ និងសម្បូរតែស្ករ ប៊ីចេង អំបិល និងទឹកត្រី។ តែយ៉ាងណា ភ្លៀងកក់ខែមួយមេនេះ អាចផ្តល់សំណើមខ្លះដល់ស្មៅនិងរុក្ខជាតិតូចៗ ដែលក្រៀមស្វិតយូរមកហើយ។
លោកបណ្ឌិតគិន ភាបានបន្តថា “ក្នុងន័យនេះ យើងត្រូវទទួលស្គាល់ថា ការបង្កើតទំនាក់ទំនងវិជ្ជមាន ជាមួយសារព័ត៌មានអាជីពធំៗកម្រិតអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ ហើយកាន់តែសំខាន់ជាងហ្នឹងទៀត គឺការរក្សាគុណតម្លៃនៃព័ត៌មានពិត ដើម្បីកសាងភាពជឿជាក់និងទំនុកចិត្ត”។ លោកបន្ថែមថា “អារម្មណ៍ដែលត្រូវគេលាបពណ៌ គឺឈឺចាប់ណាស់, អារម្មណ៍ឈឺចាប់នេះហើយ ដែលធ្វើឱ្យយើងយល់កាន់តែច្បាស់ពីអំណាចនៃព័ត៌មានពិត”។
លោកបណ្ឌិតគិន ភាបានបន្តទៀតថា “ត្រូវចងចាំថា ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អ្នកនិយាយកុហក គឺសូម្បីតែនិយាយការពិត ក៏គ្មាននរណាជឿ”។
ម្យ៉ាងវិញទៀត ដើម្បីរក្សាភាពរស់រាននៃដែនដីយើង យើងមិនគ្រាន់តែត្រូវការភ្លៀងកក់ខែតែម្តងម្កាលទេ យើងត្រូវតែបង្កើតរដូវវស្សានៅក្នុងរដូវប្រាំង គឺដើម្បីធានាថា យើងមានទឹកខួបប្រាំងខួបវស្សា។ យើងត្រូវតែរៀនពីមេរៀន នៃសង្គ្រាមឈ្លានពានលើកនេះតកូនតចៅ។ យើងមិនអាចជីកកប់ ប្រវត្តិសាស្ត្រនេះបានជាដាច់ខាត។
លោកបណ្ឌិតបានបន្តថា “ត្រូវចងចាំថា ទណ្ឌកម្មធ្ងន់ធ្ងរបំផុតសម្រាប់អ្នកបំភ្លេចប្រវត្តិសាស្រ្ត ឬមិនឱ្យកូនចៅរៀនប្រវត្តិសាស្ដ្រ គឺគេដើរជាន់ដានប្រវត្តិសាស្ត្ររហូត”៕







