អ្នកជំនាញលើកឡើងស្ថានភាពវិវត្តន៍សំខាន់ៗចំនួន៧ទាក់ទងនឹងស្ថានភាពទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៦នេះ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ជាអ្នកជំនាញ និងក្លាយជាអ្នកអភិវឌ្ឍន៍មួយរូបបានលើកឡើងពីដំណើរវិវត្តន៍សំខាន់ៗចំនួន៧ចំណុច ទាក់ទងនឹងស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ននេះ។

អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនSAM SN Groupបានលើកឡើងកាលពីសប្តាហ៍មុនថា  ក្នុងនាមជាអ្នកប្រឡូកផ្ទាល់ ឬវិនិយោគផ្ទាល់ក្នុងវិស័យនេះជាច្រើនឆ្នាំ និងជាអ្នកប្រឡូកជារៀងរាល់ថ្ងៃ ខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនយើង ឱ្យជ្រាបច្បាស់នៅក្នុងវិស័យនេះដូចខាងក្រោម ទី១ លំនៅដ្ឋានផ្ទះ ឬខុនដូ តម្លៃសមរម្យ ($17,000 -$49,000) ក្នុងទីក្រុងភ្នំពេញ កំពុងមានតម្រូវការខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

ទី២ វីឡាប្រណិតសម្រាប់រស់នៅផ្ទាល់ខ្លួន ក្នុងទីក្រុងភ្នំពេញ នៅតែមានតម្រូវការសម្រាប់ មន្រ្តីរាជការកំរិតខ្ពស់ អ្នកជំនួញធំៗ ជាលក្ខណៈភ្លៀងរលឹម (មួយៗ) តែមិនមែនជាតម្រូវការខ្ពស់ដូចមុនឆ្នាំ២០១៩ ដែលនាំគ្នាទិញទុកចំណេញនោះទេ។

ទី៣. ដីធ្លីក្នុងទីក្រុងភ្នំពេញ ទីតាំងល្អៗ លេីផ្លូវធំ រូបរាងដីល្អៗ ហើយលក់ក្នុងតម្លៃ ពី30% ទៅ50% ក្រោមតម្លៃទីផ្សារមុនឆ្នាំ2019 នៅតែមានតម្រូវការ ឬនៅតែមានអ្នកទិញ តែជាតម្រូវការភ្លៀងរលឹម (មួយៗ) និង Slow ដោយសារអ្នកទិញមានជំរើសច្រើន និងមានអំណាចក្នុងការចចារ។

ទី៤. ដីធ្លីសម្រាប់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ជាពិសេសខេត្តជាប់ទីក្រុងភ្នំពេញ មានតម្រូវការជាហូរហែរ តែតម្លៃដែលត្រូវការគឺមិនលេីពី $10/m2 និងប្រភេទដីទំហំធំ ដែលអ្នកទិញទិញ សម្រាប់ការពង្រីកបន្ថែមរោងចក្រ នាពេលអនាគត។ ទោះជាយ៉ាងណាតម្រូវការនេះ មានមួយៗ និងប្រើពេលយូរ (slow) ក្នុងការបង្កើតប្រតិបត្តិការទិញលក់។

ទី៥. តម្រូវការដីកសិកម្ម ដីកសិ-ឧស្សាហកម្ម មានតម្រូវការទិញតិចតួច នោះដោយសារ តែអ្នកវិនោយោគដីធ្លីធំៗបានចាប់ដៃគូវិនិយោគក្រៅប្រទេស និងបានបង្វែរដីដែលធ្លាប់ទិញទុកចោល ទៅជាដីកសិកម្ម ដីកសិ-ឧស្សាហកម្មវិញ ហើយតម្រូវការដីកសិកម្ម ឬដីកសិ-ឧស្សាហកម្មនេះជាប្រភេទដីធំៗ និងត្រូវតែជាដីដែលមានតម្លៃធូរថ្លៃ មិនលេីសពី $3/m2 នោះទេ។

ទី៦. ខុនដូក្នុងទីតាំងពិសេស ដូចជាក្នុងតំបន់បឹងកេងកង1 ដូនពេញ -ល- ជាប្រភេទខុនដូមានតម្លៃខ្ពស់បែប Premium នៅតែមានអ្នកទិញមួយៗ តែមិនច្រេីននោះដែរ ហេីយតម្រូវការនេះមានកំណត់។

ទី៧. គ្រប់គម្រោងអភិវឌ្ឍន៍ ត្រូវតែជាគម្រោងដែលមានការគាំទ្រពីធនាគារដល់អ្នកទិញ ក្នុងអត្រាការប្រាក់សមរម្យ និងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងរបស់ខ្លួន ដែលអាចនាំឱ្យមានទំនុកចិត្តសម្រាប់អ្នកទិញ ទើបជាជំរើសសម្រាប់អ្នកទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here