ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងមហិច្ឆតាវិនិយោគបុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខមួយនៅកម្ពុជា ក្រុមហ៊ុនបុរីប៉េង ហូតគ្រុបបានសម្រេចបោះទុនវិនិយោគទឹកប្រាក់ជាង២០០លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយ ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១។

-->
អគ្គនាយកបុរីប៉េង ហួតគ្រុបលោកឧកញ៉ាថៃ ម៉េងលីបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី១៧ ធ្នូនេះថា បុរីប៉េង ហួតមានមោទនភាពក្នុងការវិនិយោគផ្សារទំនើប PH Eco Mall នេះឡើង ដែលជាផ្សារផ្តោតលើភាពបៃតង និងលើកកំពស់បរិស្ថាន ពិសេសផ្តល់នូវមោទនភាពសម្រាប់ប្រទេសជាតិ ព្រោះនេះជាក្រុមហ៊ុនក្នុងស្រុកទី១ ដែលបានវិនិយោគផ្សារទំនើបលំដាប់អន្តរជាតិនេះ។ ផ្សារទំនើបនេះនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២១ខាងមុខនេះ។លោកឧកញ៉ាបន្តថា “យើងចង់ផ្តល់ឲ្យអ្នកទេសចរណ៍អន្តរជាតិ ស្គាល់នូវអ្វី ដែលជាផ្សារ ទំនើប PH Eco Mall ហើយពេលពួកគេមកទីក្រុងភ្នំពេញ ពួកគេនឹងនឹងឃើញផ្សារនេះ។លោកបន្តថា “បុរីប៉េង ហួតគ្រុបក៏បាននិងកំពុងសាងសង់សួនកំសាន្តលំដាប់អន្តរជាតិ ដែលមានរចនាបទបែបអឺរ៉ុប និងគ្រោងបើកដំនើរការនៅចុងឆ្នាំ២០១៨ខាងមុខ និងសាលសន្និសីទនិងសាលអាពាហ៍ពិពាហ៍នឹងបើកដំនើរការនៅចុងឆ្នាំ២០១៩។
ផ្សារទំនើប PH Eco Mall មានទីតាំងធំទូលាយ ដែលសាងសង់លើផ្ទៃដីជិត៦ហិកតា និងអាចចតរថយន្តបានជិត៣០០០គ្រឿង និងម៉ូតូជាង២០០០គ្រឿងផងដែរ។
លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា យើងនឹងផ្តល់ជូនដល់ភ្ញៀវជាតិ អន្តរជាតិនូវបទពិសោធន៍ដើរផ្សារទំនើបពិសេសប្លែក ប្រកបដោយបរិយាកាសស្រស់ស្រាយបែបធម្មជាតិពិត។ លើសពីនេះការរចនាផ្សារទំនើបនេះ រួមបញ្ចួលនូវរចនាបទវប្បធ៌ម ប្រវត្តិសាស្ត្រខ្មែរ ជាមួយនឹងបែបផែនជីវិតទំនើបទាន់សម័យផងដែរ។
ផ្សារទំនើប PH Eco Mall មានផ្ទៃក្រឡាសំណង់២៦៨,០០០ម៉ែត្រការ៉េ និងផ្ទៃជួលជិត៩ម៉ឺនម៉ែត្រការ៉េ។
លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា ផ្សារទំនើបនេះនឹងធ្វើឲ្យគំរោងស្តារផ្លាទីនឹម ក្លាយជាទីក្រុងមួយមានភាពទំនើបស៊ីវិល័យ សម្បូរបែបបន្ថែមលើសាលារៀនលំដាប់អន្តរជាតិ ក្លឹបកីឡាដែលមានទីលានវាយកូនហ្គោល ក្លឹបបាល់ទាត់ បាល់បោះដែលនឹងបើកដំណើរការនៅឆ្នាំ២០១៨ខាងមុខនេះ។
PH Eco Mall ជាក្រុមហ៊ុនបុត្រសម្ព័ន្ឋថ្មីមួយ នៃក្រុមហ៊ុនបុរីប៉េង ហួតគ្រុប។
នៅពេលលើកឡើងពីការប្រកួតប្រជែង លោកឧកញ៉ាថៃ ម៉េងលីបានបញ្ជាក់ថា នៅកម្ពុជាមិនទាន់មានផ្សារទំនើបលំដាប់អន្តរជាតិ ច្រើននៅឡើយទេ មានតែផ្សារ AEON Mall I និង AEON Mall II ហេតុនេះអ្វីដែលយើងវិនិយោគគឺផ្តោតលើទីតាំងខុសគ្នា និងមានស្តង់ដាអន្តរជាតិ ខណៈដែលសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាជនបស់យើងកើនឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា យើងជឿជាក់ថាគំរោងនេះនឹងទទួលបានជោគជ័យ។
លោកប៉ែន សុខគានាយកផ្នែកវាយតម្លៃ នៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា ការវិនិយោគផ្សារទំនើបនៅកម្ពុជា ពីអ្នកវិនិយោគជាតិ អន្តរជាតិមានការកើនឡើង ដោយសារកំលាំងទិញពីសំណាក់ ប្រជាពលរដ្ឋខ្មែរកំពុងកើនឡើង និងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំនើនប្រាក់ចំណូលប្រជាពលរដ្ឋកំពុងធ្វើឲ្យលំហូរទុនវិនិយោគក្នុងស្រុក និងអន្តរជាតិកើនឡើងខ្លាំង។
លោកបន្តថា “ការវិនិយោគផ្សារទំនើបនានា ក៏ធ្វើឲ្យស្ថានភាពក្នុងវិស័យនេះមានការកើនឡើងនូវការប្រកួតប្រជែងផងដែរ ប៉ុន្តែកំនើនប្រជាជនក្នុងទីក្រុង និងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ នឹងជួយធ្វើឲ្យការវិនិយោគបែបនេះទទួលបានជោគជ័យ”៕




