ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍របស់កាសែត Wall Street Journal បានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើហាមឃាត់វិនិយោគិនដែលមានផ្ទះលើសពី១០០ខ្នង មិនឱ្យបន្តទិញផ្ទះបន្ថែមទៀត។
យ៉ាងណាមិញ សំណើខាងលើនេះរួមបញ្ចូលករណីលើកលែងមួយចំនួន ចំពោះបណ្តាវិនិយោគិនដែលសាងសង់ ឬជួសជុលផ្ទះជាពិសេសដើម្បីជួលទៅឱ្យអ្នកដទៃ។
កាសែត Wall Street Journal បានឱ្យដឹងបន្តថា ក្រុមមន្ត្រីអាមេរិកកំពុងព្យាយាមដាក់បញ្ចូលការហាមឃាត់ទៅក្នុងសេចក្តីព្រាងច្បាប់លំនៅឋានរបស់ព្រឹទ្ធសភា ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចា។

ការហាមឃាត់នេះធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីខែមករា ដើម្បីទប់ស្កាត់វិនិយោគិនធំៗពីការប្រកួតប្រជែងជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គល ក្នុងគោលបំណងធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យជាងមុន។
ប្រឈមមុខនឹងសម្ពាធក្នុងការដោះស្រាយកង្វល់របស់អ្នកបោះឆ្នោតអំពីលទ្ធភាពទិញផ្ទះមុនការបោះឆ្នោតសភានៅឆ្នាំនេះ រដ្ឋបាលលោក ត្រាំ បានដាក់ចេញវិធានការជាច្រើន រួមទាំងការទិញមូលបត្រដែលធានាដោយអចលនទ្រព្យ (mortgage-backed securities)ដើម្បីជួយជំរុញលទ្ធភាពទិញផ្ទះរបស់ពលរដ្ឋអាមេរិក៕ប្រភព: Reuters៕







