ទីក្រុងនៃខេត្តចំនួន៤ស្ថិតក្នុងផែនការអភិវឌ្ឍន៍ក្រោមជំនួយ ពីធនាគារAIIB

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ ទីក្រុងកំពង់ចាម ក្រុងកំពង់ឆ្នាំង ក្រុងដូនកែវ និងទីក្រុងព្រៃវែង ក្នុងខេត្តព្រៃវែង ស្ថិតក្នុងផែនការអភិវឌ្ឍន៍លើគំរោងធ្វើឲ្យជីវិតមានភាពប្រសើរឡើង ដោយផ្សារភ្ជាប់ជាមួយបរិស្ថាន។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ពិនិត្យទៅលើវឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ដើម្បីពន្លឿនការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យទៅលើវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បី ពិនិត្យទៅលើវឌ្ឍនភាពនៃគម្រោង ដែលផ្តោតទៅលើទីក្រុងចំនួន៤ គឺ កំពង់ចាម កំពង់ឆ្នាំង ដូនកែវ និងព្រៃវែង ដោយក្នុងនោះរួមមាន ការរៀបចំសេវាប្រឹក្សាយោបល់សម្រាប់ ការរៀបចំរបាយការណ៍សិក្សា សមិទ្ធិលទ្ធភាព (FSR) របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIAR) និងប្លង់បច្ចេកទេសលម្អិត (DED) ដើម្បីអនុវត្តការងារសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំរាម បណ្តាញលូប្រមូ​លទឹកកខ្វក់ និងបណ្តាញលូប្រមូលទឹកភ្លៀង៕


ចែករំលែក