ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានបើកកិច្ចប្រជុំ កម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម នៃរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP)។
លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានIDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមនៃរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តIDP ឆ្នាំ ២០១៥–២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលទទួលបន្ទុកចូលរួមអនុវត្តន៍ គោលនយោបាយ IDP និងសមាជិកលេខាធិការដ្ឋានIDP សរុបប្រមាណ៨០នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យនិងស្នើសុំការពន្យល់បន្ថែម លើចំណុចមួយចំនួនពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មុននឹងលេខាធិការដ្ឋានយកទៅរៀបចំ តាក់តែងសេចក្តីព្រាងបឋមរបាយការណ៍។
ជាកិច្ចចាប់ផ្តើម លោកនុត អ៊ុនវ័ណរ៉ា ប្រធានអង្គប្រជុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងនេះ និងបានជម្រាបជូនថា យោងតាមការណែនាំក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋានIDP ត្រូវរៀបចំរបាយការណ៍ស្តីពី ការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត មុននឹងបញ្ចប់អាណត្តិនៃការអនុវត្ត។
ក្នុងន័យនេះ លោកប្រធានអង្គប្រជុំ ក៏បានជម្រាបជូនអំពីទិសដៅការងារសំខាន់ៗរបស់លេខាធិការដ្ឋានIDP ដែលត្រូវបំពេញជាបន្តបន្ទាប់ ដូចជា ការបញ្ចប់ការរៀបចំសេចក្ដីព្រាង បឋមរបាយការណ៍ស្តីពីការវាយតម្លៃការអនុវត្ត គោលនយោបាយIDP ចុងអាណត្តិ ក្នុងដើមខែមេសា ឆ្នាំ២០២៦។
ការរៀបចំកិច្ចប្រជុំអន្តរក្រសួងក្នុងខែឧសភា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាងបឋមរបាយការណ៍។ ការបញ្ជូនសេចក្ដីព្រាងរបាយការណ៍នេះ ទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែមិថុនា ឆ្នាំ២០២៦, និងការស្នើដាក់សេចក្តីព្រាងរបាយការណ៍ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញស្តីពី លទ្ធផលវិភាគបឋមសម្រាប់ការរៀបចំរបាយការណ៍ វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយIDP ដោយក្រុមការងារលេខាធិការដ្ឋាន អង្គប្រជុំបានធ្វើការ៖ ១)ពិនិត្យ និងស្រាយបំភ្លឺលើទិន្នន័យមួយចំនួននៃសូចនាករសមិទ្ធកម្មគន្លឹះកម្រិតយុទ្ធសាស្ត្រ និងវិស័យ, ២)ពិនិត្យពិភាក្សាលើវិធានការរបស់ក្រសួង ស្ថាប័នមួយចំនួនដែលបាននិងកំពុងអនុវត្ត និង ៣)ពិនិត្យពិភាក្សាលើលទ្ធផលវិភាគប្រសិទ្ធភាព នៃយន្តការស្ថាប័នរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេលអនុវត្ត១០ឆ្នាំកន្លងមក។
បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុស អង្គប្រជុំបានសម្រេចទុករយៈពេលពីរសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំនេះ ឱ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំឡើងវិញ នូវទិន្នន័យដែលមានការតម្រូវ និងការពន្យល់បន្ថែមលើចំណុចមួយចំនួន ដូចដែលបានធ្វើការកត់សម្គាល់ក្នុងកិច្ចពិភាក្សា ជាលាយលក្ខណ៍អក្សរផ្ញើមកលេខាធិការដ្ឋាន IDP ដើម្បីមានលទ្ធភាពរៀបចំរបាយការណ៍ទាន់ពេលវេលាកំណត់៕







