ដោយៈ ម៉ាណា
សៀមរាបៈ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ាបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប និងការបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ដែលចំណាយទឹកប្រាក់ជាង២លានដល្លារ។
អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប និងការបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ដែលបានសាងសង់រួចក្នុងទំហំទឹកប្រាក់២,៤៣៧,៤៨៦ដុល្លាអាមេរិក ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ២០២៦នេះ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម្ងឺបេះដូង ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់ និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។

ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត លោកសាស្រ្តាចារ្យបានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខា ភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្ត រួមមាន៖ ១) ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ ២) ការផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង៖ ត្រូវធានាថា អ្នកជម្ងឺគ្រប់រូបទទួលបានការបម្រើ សេវាសុខាភិបាលដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសង្គ្រោះជីវិតប្រជាជន។
៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល ៖ ត្រូវខិតខំថែទាំងអគារ អនាម័យឲ្យបានល្អ។ ៤) ការពង្រីកវិសាលភាពមូលនិធិសមធម៌ និង៥) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ សុខាភិបាលត្រឹមត្រូវ និងមានសុពលភាព។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការបង្កើតឱ្យមានសេវាសង្គ្រោះ និងព្យាបាលអ្នកជម្ងឺបេះដូង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានកៀរគរថវិកាសាងសង់ នូវអគារមួយខ្នងនេះ។
តាមការបញ្ជាក់របស់ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានការគាំទ្រ ពីគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ ជាលទ្ធផលដ៏គាប់ប្រសើរ មន្ទីរពេទ្យបានទទួលនូវជំនួយដ៏ថ្លៃថ្លាពី សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ម៉្យាងទៀតមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានផ្តល់សេវាដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត នៃទិសឧត្តរ សំខាន់បម្រើដល់ភ្ញៀវទេសចរណ៍បរទេសផងដែរ៕








