ដោយៈ ម៉ាណា
ភ្នំពេញៈ រាជធានីភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពជាបានថ្លែងថា ការប្រារឰពិធីបុណ្យចូលឆ្នាំថ្មី មិនត្រឹមតែជាការអបអរសាទរ ទំនៀមទម្លាប់ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្ដែវាជាការពង្រឹងអត្ដសញ្ញាណជាតិ ជាពិសេសក្នុងពេលដែលមានការឈ្លានពាន ហើយក៏ជាការប្រើឱកាសនេះ ដើម្បីផ្សារភ្ជាប់ និងពង្រឹងស្មារតីមហាគ្រួសារខ្មែរ ក៏ដូចជា ការរួមចំណែកផ្នែកស្ទួយសេដ្ឋកិច្ច។
ថ្លែងក្នុងជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍នេះ ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី បានលើកឡើងថា ស្ថានភាពស្រុកទេស នៅតែមានភាពផុយស្រួយ បើទោះបីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងមកក៏ដោយ។
លោកបានឱ្យដឹងថា “សំណួរដែលសង្គមលើកឡើងគឺ តើអាចរៀបចំពិធីអបអរបានដែរឬទេ ក្នុងស្ថានភាពបែបនេះ”?។ លោកពន្យល់ថា “ភាពខុសគ្នារវាងឆ្នាំមុន និងពេលវេលាមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ គឺរឿងស្ថានភាពនៃការឈ្លានពាននេះហើយ”។
ទោះបីជាមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូយ៉ាងណាក៏ដោយ ក៏ស្ថានភាពនៅតែផុយស្រួយ។ កងកម្លាំងប្រដាប់អាវុធ កងកម្លាំងយោធា និងកងកម្លាំងផ្សេងៗ រួមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់មិនទាន់បានវិលត្រឡប់ទៅផ្ទះវិញ។ តើយើងអាចរៀបចំកម្មវិធីសប្បាយបានដែរឬទេ?។
លោកហ៊ុន ម៉ានី បានបន្ដថា “តើយើងសប្បាយបានអត់ ក្នុងស្ថានភាពស្រុកទេសបែបនេះ? ហើយអ្នកមួយចំនួនទៀតនិយាយថា ខ្ញុំមិនភ្លេចជនភៀសសឹក ខ្ញុំមិនភ្លេចកងកម្លាំងប្រដាប់អាវុធនៅជួរមុខទេ តែក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់យើង ការជួបជុំគ្នានៅតាមស្រុកកំណើត កម្សាន្ដនៅទីវត្ដអារាម ក៏ជាឱកាសជួបជុំផងដែរ”។
ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន វាមានរយៈពេលជិតមួយឆ្នាំ កម្ពុជាចង់បានស្ថានភាពមួយ ដែលវិលទៅដូចដើម។ ប៉ុន្ដែបញ្ហានៅតែត្រូវបន្ដដោះស្រាយ។
វាជាការចូលរួមផ្សព្វផ្សាយ ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដែលការរៀបចំចូលឆ្នាំខ្មែរនាពេលខាងមុខ មិនមែនជាការសប្បាយភ្លេចខ្លួន ក្នុងស្ថានភាពប្រទេសជាតិយ៉ាងណានោះទេ ប៉ុន្ដែវាជាការអបអរសាទរ អត្ដសញ្ញាណជាតិ ពង្រឹងស្មារតីរួបរួមជាតិក្នុងនាមមហាគ្រួសារខ្មែរ ជួយសេដ្ឋកិច្ចផង និងស្មារតីគិតគូរដល់វីរៈកងទ័ព។
លោកហ៊ុន ម៉ានីបានលើកឡើងថា ខណៈប្រព័ន្ធផ្សព្វផ្សាយបង្ហាញពីការសប្បាយអបអរ ពិធីបុណ្យចូលឆ្នាំថ្មី ពួកគេមិនភ្លេចស្ថានភាពនៅព្រំដែនដែរ។ ប្រជាពលរដ្ឋដែលរៀបចំកម្មវិធី អបអរឆ្នាំថ្មីនឹងមិនភ្លេចវីរៈកងទ័ពជួរមុខ និងមិនភ្លេចជនភៀសសឹករាប់ម៉ឺននាក់ ដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះទេ។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា ឆ្នាំនេះ លើសពីពេលណាៗទាំងអស់ ត្រូវតែរំលេចនូវអត្ដសញ្ញាណជាតិ មិនមែនគិតតែសប្បាយទេ តែជាការពង្រឹងនៃអត្ដសញ្ញាណជាតិ និងមោទនភាពជាតិ ដែលមានលក្ខណៈពិសេសលើសពីប្រទេសដទៃលើសកលលោក។
លោករំពឹងថា នាយករដ្ឋមន្ដ្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា ក្រសួងព័ត៌មាននឹងមានការណែនាំ ដើម្បីធ្វើយ៉ាងដោយមិនចោលទំនៀមទម្លាប់ប្រពៃណីជាតិ និងការចូលរួមរំណែកសេដ្ឋកិច្ច ដោយមិនភ្លេចកងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹកនោះទេ។
លោកបានអះអាងថា ការរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នឹងផ្ដោតលើការថែរក្សាវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដូនតា ជាមួយនឹងសារសំខាន់ថា ប្រជាពលរដ្ឋ និងសារព័ត៌មាន មិនត្រូវភ្លេចវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ។

ជាមួយគ្នានេះ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក.បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នៅស្ថិតក្នុងដំណាក់កាលគម្រោង ប៉ុន្តែគ្រោងនឹងរៀបចំនៅទីតាំងសំខាន់ៗជាច្រើន រួមមាន បរិវេណវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារចាប់ពី Vattanac Capital Lifestyle ដល់ផ្សាររាត្រី បរិវេណវត្តបទុមវតី តំបន់បាសាក់លែន និងផ្សារទួលទំពូង។
តាមការបញ្ជាក់ កម្មវិធីនឹងរួមមាន ភូមិវប្បធម៌ ល្បែងប្រជាប្រិយ របាំបុរាណ ក្បាច់គុនខ្មែរ ការប្រកួតអុកចត្រង្គ និងអុកយក្ស ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ដង្ហែក្បួននគរសង្ក្រាន្ត និងទាញព្រ័ត្រមិត្តភាពជាដើម ខណៈតំបន់ខ្លះនឹងរៀបចំតំបន់ត្រជាក់ចិត្ត ការប្រគុំតន្ត្រី និងតំបន់ពាណិជ្ជកម្ម។
ព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីផ្សារភ្ជាប់ដោយផ្ទាល់ ទៅកាន់វីរៈកងទ័ព និងជនភៀសសឹក រួមមានការចែករំលែកប្រាក់ចំណេញពីការលក់ Mascot និងផ្នែកមួយនៃចំណូលពីស្តង់ ជូនដល់បងប្អូនភៀសសឹក ការដឹកនាំចលនា “១០,០០០ក្រមា” ជានិមិត្តរូបនៃក្តីស្រឡាញ់ពីមហាជន ការផ្ញើបណ្ណជូនពរ និងក្តីនឹករលឹកទៅកាន់ជួរមុខ ក៏ដូចជាការរៀបចំវេចអន្សម ដុតក្រឡាន និងអំបុក ផ្ញើជូនកងកម្លាំងការពារបូរណភាពទឹកដី។
លើសពីនេះ នឹងមានការសម្តែងសិល្បៈបង្ហាញ ពីវីរភាពកងកម្លាំងជួរមុខ ការរៀបចំពិធីជួបជុំអបអរចូលឆ្នាំ នៅតាមជំរំជនភៀសសឹក និងការតាំងបង្ហាញស្នាដៃ សិល្បៈបំផុសស្មារតីសន្តិភាព និងការនឹករលឹកដល់វីរយុទ្ធជន។
ចំណែកលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា “នគរសង្ក្រាន្ត” មិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេ ប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិ ការរួបរួមរបស់យុវជន និងភាពរស់រវើករបស់រាជធានីភ្នំពេញ។
លោកក៏បានលើកឡើងពីតួនាទី សារព័ត៌មានក្នុងការផ្សព្វផ្សាយស្ថានភាពពិតនៅព្រំដែន និងបង្ហាញសំឡេងកម្ពុជាលើឆាកអន្តរជាតិ។
លោក ហ៊ុន ម៉ានី ក៏បានកោតសរសើរដល់ក្រសួងព័ត៌មាន និងបណ្ដាសារព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយ អំពីស្ថានភាពសង្គ្រាមឈ្លានពាន និងទាមទារយុត្តិធម៌លើឆាកអន្តរជាតិ ដោយលើកឡើងពីបេសកកម្មនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការបង្ហាញជំហរកម្ពុជា តាមរយៈសម្ភាសជាមួយសារព័ត៌មានអន្តរជាតិធំៗ។
ក្នុងបរិបទនេះ ការរៀបចំ “នគរសង្ក្រាន្ត” ត្រូវបានមើលឃើញថា ជាសារនយោបាយវប្បធម៌មួយ បញ្ជាក់ថា កម្ពុជា នៅតែរក្សាប្រពៃណី អត្តសញ្ញាណ និងស្មារតីរួបរួមជាតិ ទោះបីស្ថានភាពនៅតែប្រឈមមុខនឹងបញ្ហា។
ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ក៏ត្រូវបានរំពឹងថា នឹងជួយជំរុញចលនាទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ខណៈផ្ញើសារច្បាស់ថា កម្ពុជា មិនភ្លេចវីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹករាប់ម៉ឺននាក់នោះឡើយ៕







