ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលីបានបន្តកើនឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ទោះបីជាមានការដំឡើងអត្រាការប្រាក់នាពេលថ្មីៗនេះយ៉ាងណាក្តី។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality បានឱ្យដឹងថា តម្លៃលំនៅឋានជាមធ្យមទូទាំងប្រទេសបានកើនឡើង០,៨ភាគរយដល់ចំនួន៩២២.៨៣៨ដុល្លារអូស្ត្រាលី (ប្រហែល៦៥១.៨៥៥ដុល្លារអាមេរិក) ក្នុងមួយយូនីតនៅក្នុងខែកុម្ភៈ។
ក្នុងនោះ តម្លៃលំនៅឋាននៅទីក្រុង Perth បានកើនឡើង២,៣ភាគរយ ខណៈតម្លៃលំនៅឋាននៅទីក្រុង Brisbane បានកើនឡើង១,៦ភាគរយ ហើយតម្លៃលំនៅឋាននៅទីក្រុង Adelaide បានកើនឡើង១,៣ភាគរយ។ កង្វះនៃការផ្គត់ផ្គង់លំនៅឋានបានជួយជំរុញកំណើននៃតម្លៃផ្ទះនៅក្នុងទីក្រុងទាំងនេះ។
ផ្ទុយទៅវិញ តម្លៃលំនៅឋាននៅទីក្រុងសុីដនី (Sydney) និងទីក្រុងមែលប៊ន (Melbourne) បានស្ថិតនៅទ្រឹង។ ការចុះបញ្ជីលំនៅឋានថ្មីនៅទីក្រុងទាំងពីរនេះបានកើនឡើង ដែលបង្ហាញថា កំណើននៃតម្លៃផ្ទះអាចនឹងថយចុះ។
កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី (RBA) បានដំឡើងអត្រាការប្រាក់ចំនួន០,២៥% ដល់៣,៨៥% បន្ទាប់ពីអតិផរណាបានកើនឡើងម្តងទៀត។ កំណើននៃតម្លៃអចលនទ្រព្យក៏ជាមូលហេតុមួយ ដែលជំរុញឱ្យតម្លៃផ្ទះមានការកើនឡើងផងដែរ។
បច្ចុប្បន្ន តម្រូវការផ្ទះដែលមានតម្លៃទាប (low-priced) កំពុងមានស្ថានភាពល្អប្រសើរជាងលំនៅឋានប្រណីតដែលមានតម្លៃកប់ពពក។ តួយ៉ាង នៅទីក្រុងស៊ីដនី តម្លៃផ្ទះកម្រិតទាបបានកើនឡើង០,៨% ខណៈដែលតម្លៃផ្ទះកម្រិតខ្ពស់បានធ្លាក់ចុះ០,៩%៕ប្រភព: Reuters៕







