ដំណឹងល្អ!គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥”ត្រូវបានពង្រាងជាមួយទិសដៅចំនួន៤

0

ដោយៈ ចំណាន

ភ្នំពេញៈ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រជុំពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦​-២០៣៥”។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និងជាប្រធានក្រុមការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)បានដឹក​នាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥”។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង ជាសមាជិក-សមាជិកនៃក្រុមការងារIDP នៃកបសព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសាវតារ វឌ្ឍនភាពនៃការរៀបចំ និងភាពចាំបាច់នៃការរៀបចំIDP ២០២៦-២០៣៥ ដែលមានចក្ខុវិស័យក្នុងការធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញខ្ពស់ និង ច្ចេកវិទ្យា តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង ពិពិធកម្មនិងភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងលើកកម្ពស់សមត្ថភាព ឧស្សាហកម្មក្នុងស្រុក ។

គោលបំណងសំខាន់នៃIDP ២០២៦-២០៣៥ មានចំនួន៤ រួមមាន ទី១). រក្សា និង ជំរុញការចាក់ឬសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ទី២). បង្កើតការងារដែលមានជំនាញ និង បច្ចេកវិទ្យាខ្ពស់ ព្រមទាំងប្រាក់ចំណូលប្រសើរ។

ទី៣). កសាងវិស័យដែលគាំទ្រ ដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត និងទី៤). តម្រង់ទិសវិស័យផ្សេងៗនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់និន្នាការអនាគត និង មានភាពធន់នឹងបរិស្ថាន ។

អង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុល លើការកំណត់យកវិស័យអាទិភាពចំនួន៤ក្រុមធំៗ ដើម្បីជំរុញការធ្វើពិពិធកម្ម និងបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម ដែលរួមមាន៖ ១). វិស័យឧស្សាហកម្មដែលមានស្រាប់, ២). វិស័យឧស្សាហកម្មកំពុងលូតលាស់, ៣). វិស័យឧស្សាហកម្មយុទ្ធសាស្រ្តរយៈពេលវែង, និង៤). វិស័យឧស្សា​ហកម្មគាំទ្រ និងសេដ្ឋកិច្ចចក្រា។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់លើការគិតគូចំពោះយន្តការអនុវត្ត នៃគោលនយោបាយដ៏មានសារៈសំខាន់នេះ ដើម្បីធានាឱ្យបាននូវផ្លែផ្កា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និង ធ្វើជាចលករជំរុញកម្ពុជាឱ្យសម្រេចបាននូវ “ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០”៕

LEAVE A REPLY

Please enter your comment!
Please enter your name here