នូវែលសេឡង់បើកចំហទីផ្សារលំនៅឋានប្រណីតឡើងវិញ ខណៈជនបរទេសកំពុងស្វែងរកគោលដៅវិនិយោគសុវត្ថិភាព

0

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសនូវែលសេឡង់អនុញ្ញាតឱ្យវិនិយោគិនបរទេសអាចទិញផ្ទះប្រណីតជាថ្មី ខណៈភាពតានតឹងទូទាំងពិភពលោកបានបង្កើនចំណាប់អារម្មណ៍របស់អ្នកវិនិយោគលើអចលនទ្រព្យ។

ចាប់ពីថ្ងៃទី៦ ខែមីនា ជនបរទេសដែលកាន់ “ទិដ្ឋាការមាស” អាចទិញ ឬសាងសង់ផ្ទះដែលមានតម្លៃយ៉ាងហោចណាស់៥លានដុល្លារនូវែលសេឡង់ (ប្រមាណ២,៩៥លានដុល្លារអាមេរិក)។

លោក Caleb Paterson ភ្នាក់ងារអចលនទ្រព្យម្នាក់នៅទីក្រុង Auckland បានអះអាងថា ចំណាប់អារម្មណ៍ពីសហរដ្ឋអាមេរិកបានកើនឡើងនាពេលថ្មីៗនេះ ដោយកត់សម្គាល់ឃើញមានការសាកសួរច្រើន ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់នូវែលសេឡង់កាន់តែមានភាពទាក់ទាញចំពោះជនបរទេស។

ការបើកចំហទីផ្សារអចលនទ្រព្យប្រណីតរបស់ប្រទេសនូវែលសេឡង់ដល់អ្នកទិញបរទេសបានចំណាយពេលយូរ និងទាមទារការចរចាដោយប្រុងប្រយ័ត្ននៅក្នុងរដ្ឋាភិបាលចម្រុះរបស់ប្រទេសនេះ។

ដំណើរការនេះបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០២៥ ស្របពេលរដ្ឋាភិបាលបានដាក់ឱ្យដំណើរការឡើងវិញនូវកម្មវិធីទិដ្ឋាការ Active Investor Plus ដើម្បីទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជំរុញកំណើនសេដ្ឋកិច្ច។

យោងតាមក្រសួងអន្តោប្រវេសន៍នូវែលសេឡង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ក្រសួងទទួលបានការដាក់ពាក្យសុំចំនួន៥៨៩ ដែលគ្របដណ្តប់លើមនុស្សចំនួន១.៨៩១នាក់ ក្នុងទំហំទុនវិនិយោគយ៉ាងហោចណាស់៣,៥ពាន់លានដុល្លារនូវែលសេឡង់ ក្នុងនោះចំនួនប្រហែល៣៧% នៃអ្នកដាក់ពាក្យមកពីសហរដ្ឋអាមេរិក៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here