ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
កិច្ចប្រជុំនេះដឹកនាំដោយលោក បណ្ឌិតឈន សុភាព រដ្ឋលេខាធិការ នៃកសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ (គ.ដ.ប.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួង (២) ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូលផ្ដុំទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋ ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ និង (៣) ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ក្រុមការងារ របស់គណៈកម្មការអន្តរក្រសួង និងផែនការសកម្មភាព របស់គណៈកម្មការចំពោះកិច្ចតាមរាជធានី-ខេត្ត ដើម្បីដឹកនាំសម្របសម្រួល គាំទ្រ និងតាមដាន ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់៕







