ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសសិង្ហបុរីកំពុងរងផលប៉ះពាល់ ខណៈវិបត្តិអចលនទ្រព្យរបស់ប្រទេសចិនបានអូសបន្លាយដល់ឆ្នាំ២០២៦ ដោយការធ្លាក់ចុះនៃថ្លៃជួល និងតម្រូវការបានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេ។
ប៉ុន្តែ ក្រុមអ្នកវិភាគអះអាងថា ទំហំទីផ្សារដ៏ធំរបស់ទីក្រុងប៉េកាំង និងការគាំទ្រគោលនយោបាយថ្មីៗនេះនឹងមិនជំរុញឱ្យបណ្តាវិនិយោគិនភាគច្រើនដកថយទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ពួកគេមានជម្រើសកាន់តែច្រើនលើទីតាំង ដែលពួកគេគួរវិនិយោគ។
របាយការណ៍ប្រាក់ចំណូលថ្មីៗពីក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរីជាច្រើនបង្ហាញពីសម្ពាធលើផលបត្ររបស់ពួកគេនៅក្នុងប្រទេសចិន។ យ៉ាងណាមិញ បណ្តាវិនិយោគិនកំពុងតាមដានសញ្ញាដែលបង្ហាញថា វិបត្តិអចលនទ្រព្យរបស់ប្រទេសនេះអាចឈានជិតដល់ចំណុចរបត់មួយ។

ជាក់ស្តែង ក្រុមហ៊ុន CapitaLand Investment ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយរបស់សិង្ហបុរី បានរាយការណ៍ពីការខាតបង់ចំនួន១៤២លានដុល្លារសិង្ហបុរី (១១១លានដុល្លារអាមេរិក) ក្នុងឆមាសទី២ ឆ្នាំមុន។
ការខាតបង់ភាគច្រើនបណ្តាលជាចម្បងមកពីការខាតបង់នៃផលបត្រអចលនទ្រព្យរបស់ក្រុមហ៊ុន CapitaLand Investment នៅក្នុងប្រទេសចិន។
ក្រុមអ្នកវិភាគបានវាយតម្លៃថា សកម្មភាពថ្មីៗរបស់ទីក្រុងប៉េកាំងអាចជួយវិនិយោគិនឱ្យស្តារការខាតបង់មួយចំនួនដោយជំរុញទំនុកចិត្តក្នុងចំណោមអ្នកទិញផ្ទះ និងអ្នកជួល។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគបានព្រមានថា ការលក់អចលនទ្រព្យ និងការវិនិយោគអាចនឹងនៅតែបន្តធ្លាក់ចុះក្នុងរយៈពេលខ្លី ព្រោះការផ្លាស់ប្តូរគោលនយោបាយទាំងនេះត្រូវការពេលវេលាដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអចលនទ្រព្យ និងទីផ្សារអចលនទ្រព្យទាំងមូល៕ប្រភព: Edgeprop៕







