ដោយៈ ចំណាន
ភ្នំពេញៈ លោកKim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា បានសន្យាជម្រុញអ្នកធុរកិច្ចកូរ៉េកាន់តែច្រើនមកវិនិយោគនៅកម្ពុជា និងស្នើរៀបចំខួបលើកទី៣០នៃទំនាក់ទំនងកម្ពុជា កូរ៉េឲ្យបានអធិកអធមបំផុត។
លោកបានលើកឡើងបែបនេះ ជួបពិភាក្សាការងារជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Kim Chang Yong ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះទំនាក់ទំនងពាណិជ្ជកម្ម និងការរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។
ក្នុងស្មារតីនេះ លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរ បានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគី ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េ មានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរ នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តិកូរ៉េជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។ យ៉ាងណាមិញលោក ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបផងដែរពាក់ព័ន្ធ នឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ ។
ទន្ទឹមនឹងនេះឯកឧត្តមអគ្គរដ្ឋទូត ក៏បានស្នើនិងអញ្ជើញលោក ឧបនាយករដ្ឋមន្រ្តីឱ្យដឹកនាំគណៈប្រតិភូ ដើម្បីធ្វើដំណើរទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគ នៅឯប្រទេសកូរ៉េនា ខែមិថុនាផងដែរ។
នាក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។
លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ទន្ទឹមនេះលោកឯកអគ្គរដ្ឋទូត ក៏បានស្នើសុំលោកឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយលោកឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗ ឱ្យមកបណ្តាក់ទុននៅកម្ពុជា សំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន៕







