ភាពតានតឹងនៅមជ្ឈិមបូព៌ាអាចបង្វែរទិសដៅនៃលំហូរមូលធនសកល ទៅកាន់ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ាអាចបង្វែរទិសដៅនៃលំហូរមូលធនសកល និងជំរុញតម្រូវការអចលនទ្រព្យនៅទីក្រុងហុងកុង ខណៈវិនិយោគិនស្វែងរកមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានស្ថិរភាព ស្របពេលភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកើនឡើង។

ការប្រែប្រួលនេះកើតឡើង ខណៈការបង្វែរទិសដៅនៃលំហូរមូលធនសកលកំពុងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យប្រណីត ដូចជានៅទីក្រុងស៊ីដនី ទីក្រុងឌូបៃ និងទីក្រុងហុងកុង។

ធនាគារ Citigroup បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា អស្ថិរភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ាអាចជំរុញឱ្យលំហូរមូលធន និងមនុស្សមានទេព្យកោសលខ្ពស់ងាកចេញពីតំបន់មជ្ឈិមបូព៌ា។

របាយការណ៍ខាងលើបានបន្តថា ទីក្រុងហុងកុងរបស់ប្រទេសចិនអាចស្រូបទាញបានលំហូរទាំងនោះ ដែលអាចជួយគាំទ្រដល់តម្រូវការលំនៅឋាន និងការិយាល័យ។

ជាមួយគ្នានេះ ធនាគារវិនិយោគ Morgan Stanley បានលើកឡើងថា ការវិវឌ្ឍថ្មីៗនៅតំបន់មជ្ឈិមបូព៌ាអាចប្រែក្លាយទីក្រុងហុងកុងទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុជំនួសដ៏សំខាន់មួយ (Alternative) ដោយសារកត្តាស្ថិរភាព និងការយកអត្រាពន្ធទាបរបស់ទីក្រុងហុងកុង។

ទីផ្សារលំនៅឋានលំដាប់ខ្ពស់របស់ទីក្រុងហុងកុងកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ទីក្រុងហុងកុងបានកត់ត្រាការលក់ផ្ទះលំដាប់ខ្ពស់ចំនួន៨១យូនីត ដែលមានតម្លៃលើសពី១០លានដុល្លារអាមេរិកក្នុងមួយយូនីតនៅក្នុងត្រីមាសទី៤ ឆ្នាំមុន កើនឡើង៤៥ភាគរយធៀបនឹងត្រីមាសទី៣។

ក្រុមអ្នកវិភាគនៅធនាគារ J.P. Morgan បានអះអាងថា ទីក្រុងហុងកុងនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអចលនទ្រព្យនៅបរទេស ខណៈជនបរទេសមិនប្រឈមមុខនឹងការរឹតបន្តឹងខ្លាំងលើការទិញផ្ទះពីអាជ្ញាធរទេ បើប្រៀបធៀបជាមួយទីផ្សារប្រកួតប្រជែងដូចជាប្រទេសសិង្ហបុរី៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here